Stand with Cambodia — Together for Our Future
ព័ត៌មានអន្តរជាតិ May 19, 2026 | 15:51 PM

ប្រធានាធិបតីត្រាំ និងប្រធានាធិបតីស៊ី សាទរទស្សនកិច្ចផ្លូវរដ្ឋ នៅប៉េកាំង

ប្រធានាធិបតីត្រាំ និងប្រធានាធិបតីស៊ី សាទរទស្សនកិច្ចផ្លូវរដ្ឋ នៅប៉េកាំង

កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយបានពិភាក្សាលើកិច្ចការរវាងប្រទេស និងប្រទេស និងនយោបាយអន្តរជាតិ ជាមួយប្រធានាធិបតីចិនស៊ី ជីនពីង។

ទស្សនកិច្ចនេះ បានកើតឡើង ស្របពេលដែលប្រធានាធិបតីត្រាំ ធ្លាក់ប្រជាប្រិយភាព និងការឡើងតម្លៃថាមពល ដោយសារសង្គ្រាមអ៊ីរ៉ង់។ គួរបញ្ជាក់ដែរថា សង្គ្រាមអ៊ីរ៉ង់នេះហើយដែលពន្យារពេលទស្សនកិច្ចផ្លូវរដ្ឋនេះ និងជាប្រធានបទជជែកពិភាក្សា សម្រាប់ប្រធានាធិបតីត្រាំផង និងកិច្ចសន្ទនាជាសាកល លើឆាកអន្តរជាតិផង។

ស្របពេលជាមួយគ្នានេះ លោកត្រាំ មិនមែនមកតែឯកឯង ឬមន្ត្រីរបស់លោកប៉ុណ្ណោះទេ ក្រៅពីនេះលោកក៏មកជាមួយក្រុមប្រធានក្រុមហ៊ុនធំៗរបស់អាមេរិក រួមមានលោកធីម ខុក របស់ក្រុមហ៊ុនApple លោកអ៊ីលុន ម៉ាស្គ របស់Tesla និងលោកចិនសិន ហ៊័ង របស់ក្រុមហ៊ុនNvidia។

ទន្ទឹមគ្នានេះ វត្ថុបំណង នៃទស្សនកិច្ចផ្លូវរដ្ឋ គឺមានបំណងបង្កើត ឬពង្រឹងទំនាក់ទំនងឱ្យល្អប្រសើរ។ ទំនាក់ទំនងធ្លាក់ចុះដោយសារសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ, ការហាមប្រាម ការនាំចេញបច្ចេកវិទ្យាទៅចិន និងការមើលមុខគ្នាមិនចំ នៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រនយោបាយ។

ដោយសារតែទស្សនកិច្ចនេះផងដែរ ដែលភាគីទាំងពីរយល់ព្រមបង្កើត ទំនាក់ទំនង ក្នុងក្របខ័ណ្ឌភាពនឹងនរ ជាយុទ្ធសាស្ត្រ ដែលជារូបមន្ត សម្រាប់នាំផ្លូវទំនាក់ទំនងទ្វេរភាគី ក្នុងរយៈពេល៣ឆ្នាំទៅមុខទៀត។

បើយើងនិយាយពីលទ្ធផលជាផ្លែផ្កាវិញ ប្រធានាធិបតីត្រាំ លើកសរសើរចិន ដែលបានសន្យាថានឹងទិញយន្តហោះBoeing ចំនួន២០០គ្រឿង ហើយវាលើសពីការរំពឹងទុក ដោយក្រុមហ៊ុនBoeing រហូតដល់១៥០គ្រឿង។

ភាគីទាំងសងខាង ក៏យល់ព្រមបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យរូមលើការវិនិយោគទុន រវាងប្រទេសទាំងពីរ លើវិស័យដែលមិនសូវរសើប ហើយក្រុងវ៉ាស៊ីងតោន រំពឹងថាប៉េកាំងនឹងទិញផលិតផលកសិកម្មអាមេរិក ក្នុងតម្លៃរាប់ពាន់លានដុល្លារផងដែរ។

បើបែបនេះក្ដី បញ្ហារសើបនៅតែបន្តមាន។ ប្រធានាធិបតីស៊ី នៅតែរក្សាជំហរយ៉ាងរឹងមាំជុំវិញបញ្ហាកោះតៃវ៉ាន់មិនឱ្យប្រកាសឯករាជ្យ ហើយប្រកាសថាបើបញ្ហានេះកើតឡើង វានឹងបង្កជាការប៉ះទង្គិច ឬជម្លោះ។