មហាសន្និបាតភាគហ៊ុនិកសាមញ្ញលើកទី៣របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) បានដំណើរការដោយជោគជ័យ តាមប្រព័ន្ធអនឡាញហ្សូម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល តំណាងនៃនិយ័តករមូលបត្រកម្ពុជា (SERC) ផ្សារមូលបត្រកម្ពុជា (CSX) និងភាគហ៊ុនិកជាច្រើនរូបទៀត នៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន សាខាម៉ៅសេទុង។

អស់រយៈពេលមួយព្រឹក ក្នុងកិច្ចប្រជុំនេះបានត្រួតពិនិត្យឡើងវិញទៅលើលទ្ធផលការងារ អភិបាលកិច្ច និងអនុម័តលើរបាយការណ៍សំខាន់ៗពាក់ព័ន្ធនឹងលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ក្រុមហ៊ុននៅអនាគត និងកំណើនសម្រាប់ឆ្នាំបន្តបន្ទាប់។ ក្នុងនោះ ភាគហ៊ុនិកបានពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២៥ រួមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរាល់។ លទ្ធផលបានបង្ហាញថា បើទោះជាក្រុមហ៊ុនកំពុងស្ថិតក្នុងបរិបទនៃការប្រកួតប្រជែងខ្លាំងក្នុងវិស័យអប់រំក៏ដោយ ក៏ក្រុមហ៊ុននៅបន្តរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ និងកំណើនអាជីវកម្មគួរឱ្យកត់សម្គាល់។

ជាមួយគ្នា មហាសន្និបាតបានអនុម័តការចែកភាគលាភជូនភាគហ៊ុនិកពីប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ២០២៥ ក្នុងអត្រាប្រមាណ ៤៣.១៥% ស្មើនឹងទឹកប្រាក់សរុបជាង ១៤.១៨ ពាន់លានរៀល ឬប្រមាណាជាង ៣.៥៣ លានដុល្លារអាមេរិក ដោយភាគហ៊ុនិកសាធារណជនទទួលបានអត្រាភាគលាភប្រមាណ ៧% ជាអត្រានៃការចែកភាគលាភលើកទី៣ ជាប់ៗគ្នា ចាប់តាំងពីក្រុមហ៊ុនបានចុះបញ្ជី និងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា។ ការចែកភាគលាភនេះឆ្លុះបញ្ចាំងពីលទ្ធផលអាជីវកម្មដ៏រឹងមាំ ស្ថិរភាពហិរញ្ញវត្ថុដែលមានប្រព័ន្ធគ្រប់គ្រងការចំណាយបានល្អ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្កើតតម្លៃប្រកបដោយចីរភាពជូនដល់ភាគហ៊ុនិក។

លើសពីនោះ សមិទ្ធផលទាំងនេះក៏បានបង្ហាញអំពីការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ គ្រូបង្រៀន និងបុគ្គលិកទាំងអស់ដែលបានរួមចំណែកធ្វើឱ្យ MJQE ក្លាយជាស្ថាប័នដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនបានថ្លែងអំណរគុណដល់ភាគហ៊ុនិក អតិថិជន មាតាបិតា សិស្សានុសិស្ស បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងជឿជាក់លើចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនកន្លងមក។ ក្នុងនាមជាក្រុមហ៊ុនអប់រំឈានមុខមួយនៅកម្ពុជា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាក្រុមហ៊ុនអប់រំឈានមុខមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ តាមរយៈស្ថាប័នអប់រំរបស់ខ្លួន រួមមាន៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii Language Center) សាលារៀន អន្តរទ្វីប អាមេរិកាំង (American Intercon School) និងសកម្មភាពអប់រំផ្សេងៗទៀត ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពសិក្សា ជំនាញ និងចរិយាសម្បត្តិរបស់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ និងធនធានមនុស្សដែលមានសមត្ថភាពអាចចូលរួមកសាងជាតិបាន៕
អត្ថបទ៖ ងិន ស៊ាងលីម
