Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Dec 23, 2025 | 15:40 PM

អំពើឈ្លានពានរបស់យោធាថៃជាង១០ថ្ងៃមកនេះ បង្កជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន

image

ស្ថានភាពវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ បានវិវត្តទៅរកភាពតានតឹង និងបង្កជាមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ។ គិតចាប់ពីថ្ងៃទី៧ ដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងកងកម្លាំងយោធាថៃ ជាពិសេសការបាញ់ផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ ចូលតំបន់ស៊ីវិលកម្ពុជា បានបណ្តាលឲ្យពលរដ្ឋស្លូតត្រង់ស្លាប់ ២១នាក់ និងរបួស ៨៣នាក់ ។ 

ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីថ្ងៃទី ៧រហូតមកដល់បច្ចុប្បន្ននេះរួមមាន ផ្ទះសម្បែងប្រជាពលរដ្ឋខូចខាត ១១៨ខ្នង  សាលារៀន៥ទីតាំង មណ្ឌលសុខភាព៣ទីតាំង ផ្សារ១ វត្ត៥កន្លែង បង្គោលអង់តែងទូរសព្ទ័២កន្លែង ប្រាសាទបុរាណ១ សាលាឆទាន១ កុដិ១ អាគារគយនិងរដ្ឋករ១ អាគារឯកជន១៣ទីតាំង អាគាររដ្ឋ១១ខ្នង សណ្ឋាគារ ៥ទីតាំង ផ្លូវ ស្ពាន និងមធ្យោបាយដឹកជញ្ជូនជាច្រើនទៀត។ 

បច្ចុប្បន្ន មានជនភៀសសឹក ដោយសារអំពើឈ្លានពានរបស់យោធាថៃ សរុបចំនួន៥៤ម៉ឺន៤ពាន់៧០៣នាក់ ក្នុងនោះស្ត្រី ២៨ម៉ឺន៥ពាន់៥៤៤នាក់ និងកុមារ ១៧ម៉ឺន៤ពាន់៦នាក់ ខណៈតួលេខនេះអាចមានការប្រែប្រួលជាបន្តបន្ទាប់។

អំពើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជាបានឱ្យដឹង ចាប់ពីល្ងាចថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃបានបន្តអនុវត្តសកម្មភាពបាញ់ប្រហារ និងប្រើអាវុធធ្ងន់ជាច្រើនប្រភេទ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា នៅ ទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ កាំភ្លើងត្បាល់ ដ្រូន និងយន្តហោះចម្បាំង F-16 បាញ់ និងទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ ប្រាសាទព្រះវិហារ និងតំបន់ជាច្រើនផ្សេងទៀត ជ្រៅចូលក្នុងដែនអធិបតេយ្យកម្ពុជា៕