AI អាចជាឧបករណ៍ដ៏មានប្រយោជន៍ដែលជួយអ្នកក្នុងការសរសេរ ការសិក្សា ឬការរៀបចំផែនការការងារ។ ទោះជាយ៉ាងណាក៏ដោយ AI មិនមែនជាជម្រើសសុវត្ថិភាពសម្រាប់គ្រប់កាលៈទេសៈទាំងអស់នោះទេ។ ទាំងនេះគឺជាសកម្មភាពមួយចំនួន ប្រសិនបើអ្នកពឹងផ្អែកលើ AI អាចនាំមកនូវផលវិបាកធ្ងន់ធ្ងរ ឬមានគ្រោះថ្នាក់។
១. ធ្វើរោគវិនិច្ឆ័យជំងឺដោយខ្លួនឯង
កុំប្រើ AI ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដោយខ្លួនឯងជាដាច់ខាត។ AI មិនអាចពិនិត្យ ធ្វើតេស្ត ឬទទួលខុសត្រូវឡើយ ប្រសិនបើការ "ធ្វើរោគវិនិច្ឆ័យ" របស់វាខុស។ វាអាចធ្វើឱ្យអ្នកមានការភ័យស្លន់សស្លោ ក៏ថាបាន។
២. ការប្រឹក្សាយោបល់ផ្លូវចិត្ត
AI ក៏មិនអាចជំនួសអ្នកឯកទេសចិត្តសាស្ត្របានដែរ។ AI គ្មានអារម្មណ៍ ហើយមិនអាចយល់ និងអាណិតអាសូរពិតប្រាកដឡើយ។ ជួនកាល "យោបល់ម៉ាស៊ីន" អាចធ្វើឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកកាន់តែអាក្រក់ទៅវិញទេ។
៣. ការសម្រេចចិត្តក្នុងស្ថានភាពបន្ទាន់
ក្នុងស្ថានភាពបន្ទាន់ដូចជា អគ្គិភ័យ ការលេចធ្លាយឧស្ម័ន ឬគ្រោះថ្នាក់ ការសួរ AI គឺជារឿងត្រូវជៀសវាងបំផុត។ AI មិនអាចរកឃើញគ្រោះថ្នាក់ ហើយក៏មិនអាចហៅទូរស័ព្ទទៅសង្គ្រោះជំនួសអ្នកបានដែរ។ សូមធ្វើសកម្មភាពភ្លាមៗ បន្ទាប់មកចាំរកមើលព័ត៌មាននៅពេលក្រោយបើចាំបាច់។
៤. ការរៀបចំផែនការហិរញ្ញវត្ថុ ឬការប្រកាសពន្ធ
ចំពោះបញ្ហាហិរញ្ញវត្ថុ និងពន្ធដារ AI គួរតែត្រូវបានប្រើត្រឹមតែដើម្បីយល់អំពី គោលគំនិតជាមូលដ្ឋានប៉ុណ្ណោះ មិនមែនសម្រាប់រៀបចំផែនការ ឬប្រកាសពន្ធទេ។ វា (AI) មិនដឹងពីប្រាក់ចំណូល ច្បាប់ពន្ធដារក្នុងស្រុក ឬស្ថានភាពជាក់លាក់របស់អ្នកឡើយ ដូច្នេះវាងាយនឹងផ្តល់យោបល់ខុស។ កំហុសតូចមួយអាចធ្វើឱ្យអ្នកខាតបង់រាប់ពាន់ដុល្លារ។
៥. ការប្រើប្រាស់ព័ត៌មានសម្ងាត់
ហាមដាច់ខាតមិនឱ្យបញ្ចូលព័ត៌មានសម្ងាត់ដូចជា លេខសម្គាល់ពន្ធ ឯកសារវេជ្ជសាស្ត្រ កិច្ចសន្យា ឬឯកសារអត្តសញ្ញាណប័ណ្ណទៅក្នុង AI ឡើយ។ នៅពេលដែលអ្នកបានផ្ញើវាទៅហើយ អ្នកមិនអាចគ្រប់គ្រងទិន្នន័យនោះបានឡើយ។
៦. ការប្រព្រឹត្តអំពើល្មើសច្បាប់ ឬការបន្លំ
ក៏ត្រូវចងចាំផងដែរថា AI មិនត្រូវបានអនុញ្ញាតឱ្យជួយអ្នកធ្វើការងារដែលបំពានច្បាប់ទេ ដូចនេះមិនចាំបាច់ពិភាក្សាឡើយ។ ដូចគ្នានេះដែរ ការប្រើប្រាស់ AI ដើម្បីបន្លំក្នុងការសិក្សា មិនត្រឹមតែងាយនឹងត្រូវកម្មវិធីប្រឆាំង AI រកឃើញប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកបាត់បង់ឱកាសក្នុងការហ្វឹកហាត់ពិតប្រាកដផងដែរ។
ក្រៅពីនេះ កុំពឹងផ្អែកលើ AI ដើម្បីលេងល្បែងភ្នាល់ ឬកាស៊ីណូជាដាច់ខាត ព្រោះលទ្ធផលកីឡា ឬហ្គេមមិនអាចទាយទុកជាមុនបានទេ ហើយការភ្នាល់តាមអ៊ីនធឺណិតក៏អាចបំពានច្បាប់នៅ ក្នុងប្រទេសកម្ពុជាផងដែរ។
៧. ការស្វែងរកព័ត៌មានទាន់ហេតុការណ៍ ឬទិន្នន័យពេលវេលាពិត
AI ក៏មិនមែនជាប្រភពព័ត៌មាន ពេលវេលាពិត (Real-time) ដែរ។ ចំពោះព្រឹត្តិការណ៍ទាន់ហេតុការណ៍ តម្លៃភាគហ៊ុន ឬស្ថានភាពបន្ទាន់ សូមរកមើលប្រភពព័ត៌មានផ្លូវការវិញ។
៨. ការព្រាងឯកសារច្បាប់សំខាន់ៗ
ជាចុងក្រោយ កុំឱ្យ AI សរសេរ ឬព្រាងឯកសារផ្លូវច្បាប់សំខាន់ៗ។ កិច្ចសន្យាដែលគ្មានហត្ថលេខា ឬខុសទម្រង់អាចនឹងគ្មានសុពលភាពនៅចំពោះមុខច្បាប់។ មានតែមេធាវីប៉ុណ្ណោះដែលមានជំនាញ និងនីតិសម្បទាគ្រប់គ្រាន់ដើម្បីធានាសុពលភាពនៃឯកសារ។
AI ជាឧបករណ៍ជំនួយប៉ុណ្ណោះ មិនមែនជាអ្នកសម្រេចចិត្តជំនួសអ្នកទេ។ សូមប្រើប្រាស់ AI ដោយឆ្លាតវៃ និងស្វែងយល់ពីដែនកំណត់របស់កម្មវិធី AI នេះ៕