ព័ត៌មានជាតិ Oct 22, 2025 | 08:12 AM

សម្តេច ហ៊ុន សែន៖ ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ៩៩% ពហិការមិនប្រើទំនិញថៃ

image

សម្តេចហ៊ុនសែន កាលពីថ្ងៃទី២១ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចផ្ទាល់គឺ Samdech Hun Sen of Cambodia ដោយបានលើកឡើងថា ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមានស្ទើរតែ៩៩ភាគរយទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសល់តើឲ្យពួកគាត់យកទៅណា?ដុតបំផ្លាញចោលឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?

ការលើកឡើងបែបនេះ ក្រោយសម្តេចបានឃើញវីដេអូ រយះពេល៨នាទីរបស់ លោក K01 ទាក់ទងការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ក្នុងនោះសម្តេចមានការខកចិត្តចំពោះអំពើរ មិនគប្បីចំពោះទង្វើមួយនេះ។ការដុតចោលទំនិញថៃការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុ។

សម្តេច មានប្រសាសន៍បន្តទៀតថា ប្រសិនបើ K01មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូច K01បានធ្វើដែលមានក្នុងវីដេអូនេះ។បើមនុស្សមិនទទួលទាន ទុកឲ្យសត្វសុីប្រសើរជាងដុតឬកំទេចចោល។ បញ្ឈប់សកម្មភាពបែបឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌ សុជីវធម៌ គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ។

សម្តេចបានបន្ថែមទៀតថាខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមកបោកអតិថិជន។ឯអ្នកទិញក៏គួរពិនិត្យតើជាទំនិញចាស់ឬទំនិញថ្មី?ព្រោះទំនិញមានកាលកំណត់របស់វា។ត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ K01សូមចូលរួមយុទ្ធនាការជុំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញប្រសើរជាង៕