សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ថ្មីៗនេះដោយសង្កេតឃើញមានការរីករាលដាល នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់និងស៊ីស្សា ក្នុងចំណោមកុមារនិងយុវជននៅកម្ពុជា ដែលផ្តល់ការប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ។
ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេ មានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម។ ហេតុដូចនេះទើបសម្តេច ហ៊ុន ម៉ាណែត បានចេញបទបញ្ជា ដូចខាងក្រោម៖
១. ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។
២. ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និង ការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
៣. ក្រសួងសុខាភិបាល ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពនិង គ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
៤. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ នៅក្នុងនិងជុំវិញបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។
៥. ត្រូវចាត់វិធានការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅតាមមូលដ្ឋានស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៦. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា។
៧. ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ ករណីមិន រាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។
៨. ត្រូវចាត់វិធានការចំពោះបុគ្គលណាដែលបានចែកចាយ លក់ ស្តុកទុក ផ្សព្វផ្សាយពាណិជ្ជកម្មឬផ្សព្វផ្សាយ លក់ផលិត និង/ឬនាំចូល ទោះជាប្រភេទ អាជីវកម្ម សេវាកម្មអ្វីក៏ដោយ។
៩. ដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹង ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
ដូចនេះគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់៕

