Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Apr 08, 2026 | 17:01 PM

ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល លើកទី១៧ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្នាំ២០២៦

ពិធីសូត្រមន្តដំឡើងរាសី សិរីមង្គល លើកទី១៧ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ឆ្នាំ២០២៦

ភ្នំពេញ៖ ខណៈដែលថ្ងៃប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កំពុងតែខិតជិតចូលមកដល់នោះ  នៅព្រឹកថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និង SOGO បាននិមន្តព្រះសង្ឃ​រៀបចំ​ពិធីសូត្រមន្តដំឡើងរាសី ប្រសិទ្ធិពរជ័យ សិរីមង្គល និងពិធីរាប់បាត្រ​ នៅរាជធានីភ្នំពេញ សាខាសៀមរាប និងសាខាតាកែវ។

ពិធីសូត្រមន្តដំឡើងរាសីសិរីមង្គល លើកទី១៧ នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ ក្នុងគោលបំណងអប​អរ​សា​ទ​រ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ណី​ជាតិខ្មែរ ​ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងប្រារព្ធនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦តាមបែបព្រះពុទ្ធសាសនាដើម្បីប្រោះព្រំបួងសួងដំឡើងរាសី​សុំពរជ័យសិរី​មង្គល វិបុលសុខ​គ្រប់ប្រការ​កើតមានដល់​ស្ថាប័ន លោកគ្រូ​ អ្នកគ្រូ និងបុគ្គលិកនាឱកាស​ឆ្នាំថ្មី ជម្នះលើ​គ្រប់​ឧបសគ្គ និងចៀសចាក​ឆ្ងាយពីឧបទ្រពទាំងពួងកុំ​បីជួបឡើយ។

សូមបញ្ជាក់ផងដែរថា ពិធីនេះបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អប្រពៃ ដោយមានការបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ព្រមទាំងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពរជ័យ សិរីមង្គល និងវិបុលសុខគ្រប់ប្រការ ឱ្យកើតមានដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ព្រមទាំងជួយឱ្យជម្នះគ្រប់ឧបសគ្គ និងចៀសវាងពីឧបទ្រពទាំងពួង។ ក្នុងឱកាសដ៏មានន័យនេះ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកជាច្រើន បានចូលរួមសម្តែងសេចក្តីជ្រះថ្លា ដោយបានអញ្ជើញប្រគេនទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ ហើយនាំគ្នារាប់បាត្រ ដើម្បីបន្សល់ទុកនូវមង្គលដ៏ប្រសើរ និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់បរលោក ជាកិច្ចបញ្ចប់កម្មវិធីក្នុងបរិយាកាសដ៏សប្បាយរីករាយ៕