នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ដើម្បីឆ្លើយតប និងបកស្រាយបំភ្លឺចំពោះការរិះគន់របស់សាធារណជនជុំវិញការយល់ច្រឡំលើរូបសំណាកថ្មី ដែលជាសមិទ្ធផលរបស់រដ្ឋបាលខេត្ត។
ការចេញមុខមកបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយរូបភាពរូបសំណាកនៅរង្វង់មូលខេត្តឧត្តរមានជ័យ យ៉ាងច្រើននៅលើបណ្ដាញសង្គម អមដោយការរិះគន់ថា «មិនគួរយករូបព្រះពុទ្ធមកដាក់នៅជើង របស់ព្រះវិស្ណុ ឬព្រះនរាយណ៍ ដែលជាទេពក្នុងព្រហ្មញ្ញសាសនានោះទេ» ដោយមតិខ្លះចាត់ទុកថាជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាដើម។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានបញ្ជាក់ជូនឱ្យដឹងថា ចំពោះរូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យនេះ គឺជារូបរបស់ព្រះពោធិសត្វលោកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្ថប្រាំបីកាន់កេតនភណ្ឌ ផ្សេងៗ មានធ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយនិងព្រះបាទា ដែលធ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ ជារូបនៅក្នុងពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពល នៅក្នុងសង្គម ខ្មែរតាំងពីសម័យបុរាណមកម្លេះ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងនោះមានប្រាសាទជាច្រើនដែល តម្កល់និងធ្លាក់បង្ហាញនៅលើជញ្ជាំងនូវរូបព្រះពោធិសត្វលោកេស្វរៈអង្គនេះ មានដូចជា ប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកាណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួនក្នុងតំបន់អង្គរជាដើម។
សព្វថ្ងៃមានរូបព្រះពោធិសត្វលោកេស្វរៈជា ច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរដែលសា
ធារណជនអាចចូលទៅទស្សនា និងសិក្សា ឈ្វេងយល់បន្ថែម។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានអំពាវនាវដល់បុគ្គល និងសាធារណជនទាំងអស់ មេត្តាស្វែងយល់ឱ្យបានច្បាស់លាស់អំពីប្រវត្តិសាស្ត្រ រចនាបថសិល្បៈ និងអត្ថន័យសាសនាឱ្យបានស៊ីជម្រៅ មុននឹងធ្វើការរិះគន់ ឬចែកចាយព័ត៌មានដែលបង្កឱ្យមានការភាន់ច្រឡំ។
រដ្ឋបាលខេត្ត និងមន្ទីរជំនាញ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សាការពារតម្លៃវប្បធម៌ និងសាសនា ហើយរាល់ការកសាងសមិទ្ធផលនានា គឺសុទ្ធតែឆ្លងកាត់ការសិក្សា និងត្រួតពិនិត្យយ៉ាងដិតដល់ពីមន្ត្រីជំនាញ ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវតាមក្បួនខ្នាតដូនតា។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មី ដែលជួយលើកកម្ពស់សោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ក្នុងខេត្តឧត្តរមានជ័យ៕









