Stand with Cambodia — Together for Our Future
វប្បធម៌-សិល្បៈ Dec 17, 2025 | 15:07 PM

មោទនភាពជាតិ! កម្ពុជាត្រៀមទទួលវត្ថុបុរាណប្រតិមា ៣ អង្គដ៏សំខាន់ត្រឡប់មកមាតុភូមិវិញ

មោទនភាពជាតិ! កម្ពុជាត្រៀមទទួលវត្ថុបុរាណប្រតិមា ៣ អង្គដ៏សំខាន់ត្រឡប់មកមាតុភូមិវិញ

កម្ពុជាសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត ក្នុងការនាំយកមកវិញនូវសម្បត្តិវប្បធម៌ជាតិដែលបានបាត់បង់ទៅក្រៅប្រទេសអស់រយៈពេលជាច្រើនទសវត្សរ៍។ យោងតាមការបញ្ជាក់ជាផ្លូវការពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ឱ្យដឹងថា ក្រុមប្រឹក្សានៃវិទ្យាស្ថានស្មិតសូនីញាន (Smithsonian Institution) នៃសហរដ្ឋអាមេរិក បានសម្រេចជាផ្លូវការក្នុងការប្រគល់វត្ថុបុរាណខ្មែរចំនួន ៣ អង្គ ត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ។

ប្រតិមាទាំង ៣ អង្គ ដែលនឹងត្រូវយាងមកវិញ រួមមាន៖ 

១. «ព្រះសិរហរិហរៈ» (Head of Harihara): ជាបដិមានៃអាទិទេពដែលរួមបញ្ចូលគ្នារវាងព្រះសិវៈ និងព្រះវិស្ណុ ដែលមានកាលបរិច្ឆេទក្នុង សតវត្សទី១០។ នេះគឺជាតឹកតាងដ៏សំខាន់នៃសិល្បៈ និងសាសនាក្នុងសម័យអង្គរ។

២. «ទេពស្រី» (ព្រះនាងឧមា?) (Female Deity - Uma?): ប្រតិមានេះត្រូវបានគេជឿថាជាព្រះនាងឧមា ដែលត្រូវបានសូនឡើងក្នុង ដើមសតវត្សទី១០។ ក្បូរក្បាច់ និងរចនាបថនៃបដិមានេះ បង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរនាសម័យកាលនោះ។

៣. «ព្រះនាងប្រាជ្ញាបារមី» (Prajnaparamita): ជាបដិមាតំណាងឱ្យបញ្ញា និងសេចក្តីដឹងក្នុងពុទ្ធសាសនាមហាយាន ដែលមានកាលបរិច្ឆេទក្នុង ចុងសតវត្សទី១២ (សម័យព្រះបាទជ័យវរ្ម័នទី៧)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការប្រគល់សម្បត្តិវប្បធម៌ដ៏ពិសិដ្ឋទាំង៣រូបនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញថា វត្ថុទាំងនេះបានលួចនាំចេញដោយខុសច្បាប់ពីកម្ពុជា ក្នុងអំឡុងសង្រ្គាមស៊ីវិលនិងអសន្តិសុខ ដែលបង្កឱ្យមានអំពើរចោរកម្មរីកសាយនៅក្នុងប្រទេស។ ការបញ្ជូនត្រឡបមកវិញនេះបញ្ជាក់ពីការប្តេជ្ញាចិត្តនិងមានអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការស្តារឡើងវិញនៃមរតកវប្បធម៌សម្រាប់ប្រជាជនកម្ពុជា ។ 

ការសម្រេចចិត្តប្រគល់វត្ថុបុរាណទាំងនេះមកវិញ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការចរចាយ៉ាងស្វិតស្វាញរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយស្ថានទូតកម្ពុជា និងស្ថាប័នអន្តរជាតិនានា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានស្មិតសូនីញាន ដែលបានបង្ហាញពីស្មារតីសហការ និងក្រមសីលធម៌ខ្ពស់ក្នុងការប្រគល់សម្បត្តិវប្បធម៌ដែលជាព្រលឹងជាតិខ្មែរមកវិញ។ ការវិលត្រឡប់នៃប្រតិមាទាំងនេះ មិនត្រឹមតែជាការជួបជុំគ្នានៃសម្បត្តិបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្សះផ្សា និងការព្យាបាលមុខរបួសផ្លូវចិត្តរបស់ប្រជាជនខ្មែរ ដែលធ្លាប់បានឆ្លងកាត់ការបាត់បង់ដោយសារសង្គ្រាមស៊ីវិលកន្លងមក។

បច្ចុប្បន្ន ក្រសួងកំពុងបន្តនីតិវិធីបច្ចេកទេស ដើម្បីរៀបចំការដឹកជញ្ជូន និងការរៀបចំពិធីទទួលស្វាគមន៍ជាផ្លូវការនៅពេលដែលប្រតិមាទាំងនេះមកដល់ទឹកដីកម្ពុជា៕