ព័ត៌មានជាតិ Nov 28, 2025 | 16:22 PM

ក្រសួងអប់រំហាមឃាត់ការលក់ភេជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទក្នុងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន

image

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដ៏ម៉ឺងម៉ាត់មួយដើម្បីការពារសុខភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស ដោយ ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពដែលពាក់ព័ន្ធ នឹងភេសជ្ជៈប៉ូវកម្លាំងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។សេចក្តីណែនាំនេះអនុវត្តចំពោះ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់។បើយោងតាមសេចក្តីណែនាំនេះបានហាមឃាត់ សកម្មភាពសំខាន់ៗចំនួន ៤ ប្រភេទទាក់ទងនឹងផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ដោយក្នុងនោះរួមមាន ៖ 

  • ការទទួលទាន : ហាមឃាត់សិស្ស គ្រូបង្រៀន និងបុគ្គលិកអប់រំ មិនឱ្យបរិភោគ ឬទទួលទានភេសជ្ជៈប៉ូវកម្លាំងនៅក្នុងបរិវេណសាលាឡើយ។

  • ការចែកចាយ : ហាមឃាត់ការចែកចាយ ឬការផ្គត់ផ្គង់ភេសជ្ជៈប៉ូវកម្លាំងដល់សិស្ស ឬបុគ្គលិកដទៃទៀត។

  • ការតាំងលក់ : ហាមឃាត់ការដាក់តាំងលក់ ឬលក់ផលិតផលភេសជ្ជៈប៉ូវកម្លាំង នៅក្នុងអាហារដ្ឋាន ឬហាងលក់ទំនិញណាមួយនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។

  • ការផ្សព្វផ្សាយពាណិជ្ជកម្ម : ហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ទាំងអស់ (ដូចជាផ្ទាំងប៉ាណូ ស្លាកយីហោ ឬកម្មវិធីផ្សព្វផ្សាយ) នៅក្នុងបរិវេណសាលា។

គោលបំណងចម្បងនៃការហាមឃាត់នេះគឺដើម្បី យកចិត្តទុកដាក់លើសុខភាពសិស្ស ព្រោះការទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក អាចបង្កហានិភ័យដល់សុខភាពសិស្ស ជាពិសេសទាក់ទងនឹង ជាតិស្ករខ្ពស់ ជាតិកាហ្វេអ៊ីនច្រើន ដែលអាចនាំឱ្យមានជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពដទៃទៀត។ មួយវិញទៀតអាច បង្កើតបរិយាកាសសិក្សាដែលមានសុខភាពល្អ ជំរុញឱ្យមានការអនុវត្តអាហារូបត្ថម្ភល្អ និងសុវត្ថិភាពចំណីអាហារនៅក្នុងគ្រឹះស្ថានសិក្សា។

ក្រសួងអប់រំបានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាត្រូវ ដាក់បញ្ចូលក្នុងបទបញ្ជាផ្ទៃក្នុង បន្ថែមការហាមឃាត់នេះទៅក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់សាលា។

ត្រូវផ្សព្វផ្សាយជាប្រចាំអំពីផលប៉ះពាល់នៃភេសជ្ជៈប៉ូវកម្លាំងដល់សិស្ស និងបុគ្គលិក។

ត្រូវតាមដានសកម្មភាពទាំងបួនខាងលើ ហើយចាត់វិធានការដោះស្រាយភ្លាមៗ រួមទាំងការរឹបអូស និងការបញ្ឈប់កិច្ចសន្យាជាមួយអ្នកលក់ដូរដែលល្មើស។

សេចក្តីណែនាំនេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងសុខុមាលភាពរបស់កុមារ និងយុវជននៅតាមគ្រឹះស្ថានសិក្សា៕