ព័ត៌មានជាតិ Nov 26, 2025 | 08:58 AM

ក្រសួងអប់រំ ចេញសេចក្តីណែនាំ ពីការបង្រៀន និងរៀនពេញមួយថ្ងៃ

image

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីដំណើរការបង្រៀន និងរៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ។សម្រាប់សេចក្តីណែនាំនេះ មានគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល និងដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

បើតាមខ្លឹមសារដែលសំខាន់ៗនៃសេចក្តីណែនាំនេះ គឺបើគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅណា ដែលមាន ធនធានគ្រប់គ្រាន់ អាចដំណើរការកម្មវិធីបង្រៀន និងរៀនពេញមួយថ្ងៃបាន។ ដោយពេលវេលាសិក្សាគឺ ពេលព្រឹក ចូលម៉ោង ៧:០០ ចេញម៉ោង ១១:០០។ពេលរសៀល ចូលម៉ោង ១៣:០០ (ម៉ោង ១) ឬម៉ោង ១៤:០០ (ម៉ោង ២) ចេញម៉ោង ១៦:០០ (ម៉ោង ៤) ឬម៉ោង ១៧:០០ (ម៉ោង ៥) ដោយត្រូវរៀបចំកាលវិភាគបង្រៀនឱ្យបានយ៉ាងតិច ៤០ ម៉ោងសិក្សា ក្នុងមួយសប្តាហ៍ និង ១ ម៉ោងសិក្សា មានរយៈពេល ៥០ នាទី។ចំពោះការគ្រប់គ្រង និងការទ្រទ្រង់វិញ ក្រសួងលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន បង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំ ក្នុងការគ្រប់គ្រង សេវាអប់រំនៅកម្រិតសាលារៀន។ចំពោះមន្ទីរអប់រំ និងការិយាល័យអប់រំ ត្រូវសម្របសម្រួលការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតាបិតា/អ្នកអាណាព្យាបាលសិស្ស និងគ្រូបង្រៀន ព្រមទាំងកៀរគរធនធាននានាផងដែរ។សាលារៀនត្រូវរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ សម្រាប់គ្រប់គ្រងដំណើរការនៃការអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ៕

សូមមើលចេញសេចក្តីណែនាំខាងក្រោមនេះ ៖