ភ្លើងទៀននៃសិល្បៈវប្បធម៌ខ្មែរនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅក្នុងបេះដូងយុវជនជំនាន់ក្រោយ។ ជាក់ស្ដែង ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានឈានមកដល់បង្គោលចរដ៏សំខាន់មួយទៀត គឺការបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី២៧ ដើម្បីបន្តផ្ទេរចំណេះដឹង និងដួងព្រលឹងសិល្បៈដូនតាទៅកាន់យុវជនខ្មែរ។
អ្វីដែលជាមោទនភាពបំផុតនោះ គឺការបើកទទួលសិស្សឱ្យចូលហាត់របាំបុរាណ និងល្ខោនខោលសម្រាប់ជំនាន់ទី២៧ នេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់យុវជន និងយុវនារី។ ត្រឹមតែរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ មានកូនខ្មែររហូតដល់ទៅ ១,៥០០នាក់ បានសម្រេចចិត្តដាក់ពាក្យចូលរួម។ ការផ្ដល់ឱកាសចុះឈ្មោះដោយឥតគិតថ្លៃ បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការបើកទ្វារឱ្យយុវជនគ្រប់រូប ដែលមានក្ដីស្រឡាញ់អាចចូលមកសិក្សា និងថែរក្សាសិល្បៈដ៏ថ្លៃថ្លារបស់ជាតិបានយ៉ាងទូលំទូលាយ។
បន្ទាប់ពីឆ្លងកាត់ការចុះឈ្មោះ និងការធ្វើតេស្តសមត្ថភាពយ៉ាងហ្មត់ចត់រួចមក នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានរៀបចំ «ពិធីសំពះគ្រូ» យ៉ាងសមរម្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។
ពិធីនេះមិនត្រឹមតែជាការគោរពដឹងគុណចំពោះគ្រូឧបជ្ឈាយ៍ និងបុព្វបុរសដែលបានបន្សល់ទុកមរតកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការតាំងចិត្តយ៉ាងមុតមាំរបស់សិស្សានុសិស្សជំនាន់ទី២៧ ទាំងអស់ ក្នុងការខិតខំហ្វឹកហាត់ រក្សាវិន័យ និងអភិរក្សទម្រង់សិល្បៈល្ខោនខោល និងរបាំបុរាណឱ្យបានគង់វង្ស។ សំឡេងតូរ្យតន្ត្រី និងក្លិនធូបសំពះគ្រូនៅថ្ងៃនេះ គឺជាសញ្ញាណនៃកិច្ចចាប់ផ្ដើមនៃដំណើរជីវិតសិល្បៈថ្មីរបស់យុវជនទាំង ១,៥០០នាក់។
ការឈានដល់ជំនាន់ទី២៧ នេះ សបញ្ជាក់ឱ្យឃើញពីការលះបង់ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំក្រុមសិល្បៈ ក្នុងការបណ្ដុះបណ្ដាលយុវជនខ្មែរ។ សកម្មភាពនេះមិនត្រឹមតែជាការរៀនរាំ ឬរៀនសម្តែងនោះទេ ប៉ុន្តែវាគឺជាការបណ្ដុះស្មារតីសាមគ្គីភាព និងការយល់ដឹងពីតម្លៃពិតនៃអត្តសញ្ញាណជាតិខ្មែរនៅលើឆាកអន្តរជាតិ។
សូមចូលរួមអបអរសាទរ និងផ្ដល់កម្លាំងចិត្តដល់ប្អូនៗជំនាន់ទី២៧ ទាំងអស់ សូមឱ្យការហ្វឹកហាត់ទទួលបានជោគជ័យ និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ ដើម្បីបន្តថែរក្សាដួងព្រលឹងវប្បធម៌ខ្មែរឱ្យរុងរឿងជានិរន្តរ៍៕


