ក្រសួងអប់រំរបស់ប្រទេសឥណ្ឌានឹងបញ្ជូលកម្មវិធីបញ្ញាសិប្បនិម្មិត(AI) ចាប់ពីថ្នាក់ទី៣ឡើងទៅក្នុងកម្មវិធីសិក្សាចាប់ពីឆ្នាំ២០២៦ទៅ ដើម្បីឱ្យកុមារបានដឹង «អ្វីទៅជា AI» និងរបៀបនៃការប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃ។ ក្រសួងអប់រំរបស់ប្រទេសឥណ្ឌាបានប្រកាសកាលពីពេលថ្មីៗនេះថាបញ្ញាសិប្បនិម្មិត(AI) នឹងក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាចាប់ពីថ្នាក់ទី៣ឡើងទៅ ដោយចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំសិក្សា ២០២៦- ២០២៧ តទៅ នេះបើយោងតាម hindustantimes ។
គោលបំណងនៃការដាក់បញ្ជូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)របស់ក្រសួងអប់រំប្រទេសឥណ្ឌានៅកម្រិតមូលដ្ឋានដោយគិតចាប់ពីថ្នាក់ទី៣ឡើងទៅគឺដើម្បីធ្វើឱ្យកុមារបានដឹងថា «អ្វីទៅជា AI» និងរបៀបនៃការប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងនាយកដ្ឋានអប់រំសាលា និងអក្ខរកម្ម (DoSEL) នៃក្រសួង។
បើយោងតាមក្រសួង បានបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍មួយបានឱ្យដឹងថា ការអភិវឌ្ឍធនធានសម្ភារៈ សៀវភៅណែនាំ និងធនធានឌីជីថល នឹងត្រូវបញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ។ ហើយចំពោះ AI និង CT នឹងពង្រឹងគំនិតនៃការរៀនសូត្រ ការគិត និងការបង្រៀន ហើយនឹងពង្រីកបន្តិចម្ដងៗឆ្ពោះទៅរកគំនិតនៃ AI សម្រាប់ប្រយោជន៍សាធារណៈ។ នេះគឺជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការប្រើប្រាស់ AI ប្រកបដោយសីលធម៌ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ដោយសារបច្ចេកវិទ្យា នឹងត្រូវបានដាក់ចាប់ពីដំណាក់កាលមូលដ្ឋាន ចាប់ផ្ដើមពីថ្នាក់ទី ៣ឡើងទៅ។
បើនិយាយពីការបណ្តុះបណ្តាលគ្រូបង្រៀនវិញគឺជាគន្លឹះសំខាន់ណាស់ សម្រាប់បង្រៀនទៅដល់សិស្ស។ គ្រូបង្រៀនត្រូវការការបណ្តុះបណ្តាលត្រឹមត្រូវ និងគោលការណ៍ណែនាំច្បាស់លាស់ស្តីពី AI មុនពេលណែនាំវាដល់សិស្សនៅក្នុងថ្នាក់រៀន។ វាជាការសំខាន់ណាស់ដែលពួកគេយល់ មិនត្រឹមតែដឹងពីរបៀបប្រើប្រាស់ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយល់ពី របៀបប្រើប្រាស់វាដោយសុវត្ថិភាពផងដែរ។
លោក Akshal Agarwal សហស្ថាបនិកក្រុមហ៊ុន NatureNurture ដែលជាក្រុមហ៊ុនបោះពុម្ពកម្មវិធីសិក្សាធ្វើការជាមួយសាលាជាង ៣០០ នៅទូទាំងប្រទេសឥណ្ឌា បាននិយាយថា ការផ្លាស់ប្តូរនេះគឺជា ជំហានដ៏គួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការរៀបចំសិស្សានុសិស្សសម្រាប់ពិភពលោកដែលជំរុញដោយបច្ចេកវិទ្យា។ លោកបានបន្ថែមថា ខណៈចក្ខុវិស័យនេះមានលក្ខណៈរីកចម្រើន បញ្ហាប្រឈមពិតប្រាកដស្ថិតនៅក្នុងការអនុវត្ត ដោយសារសាលាជាច្រើននៅតែខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោកបាននិយាយថា បើសិនជាអនុវត្តបានល្អ គំនិតផ្ដួចផ្ដើមនេះអាចបង្កើតមនុស្សជំនាន់មួយដែលមិនត្រឹមតែយល់ដឹងអំពីឌីជីថលប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវ និងប្រកបដោយភាពច្នៃប្រឌិតទៀតផង៕