ក្នុងស្ថានភាពដែលមានភាពតានតឹង ឬជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយស្ថាប័នពាក់ព័ន្ធ អំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស និងយុវជន អនុវត្តនូវគោលការណ៍សំខាន់ៗដើម្បីរក្សាស្ថិរភាពសង្គម និងសុវត្ថិភាពជាតិ។ ខាងក្រោមនេះគឺជា ៨ ចំណុច ដែលត្រូវបានចងក្រងជាការណែនាំសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងដំណាក់កាលនេះ៖
១. បញ្ឈប់ជាបន្ទាន់ រាល់ការថតនិងចែករំលែករូបភាពវិដេអូ ការចល័តទ័ព ទីតាំងលេណដ្ឋាន(ត្រង់សេ) គ្រឿងសព្វាវុធ និងកន្លែងឈរជើងរបស់កងកម្លាំង។
២. ចែករំលែកតែព័ត៌មានពិត និងមានប្រភពច្បាស់លាស់។
៣. ចូលរួមបរិច្ចាគថវិកា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ដល់ជនភៀសសឹក និងវីរកងទ៏ពជួរមុខ។
៤. ថែរក្សាសុខភាព ចៀសវាងការបរិភោគគ្រឿងស្រវឹង ដើម្បីត្រៀមចូលរួមការបរិច្ចាគឈាមក្នុងករណីចាំបាច់។
៥. ប្រកបការងារជាប្រក្រតី ដើម្បីបន្តចរន្តសេដ្ឋកិច្ចជាតិ។
៦. ចៀសវាងការបាក់ទឹកចិត្ត និងរក្សាមនសិការស្នេហាជាតិ។
៧. រក្សាសាមគ្គីភាព និងរួបរួមគ្នា ក្រោមស្មារតីខ្មែរតែមួយ។
៨. បន្តតាមដានស្ថានការណ៍ប្រទេសជាតិជាប់ជាប្រចាំ។
សម្រាប់គោលការណ៍ទាំង ៨ នេះ មិនត្រឹមតែជួយការពារសុវត្ថិភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករជួយឱ្យប្រទេសជាតិរក្សាបាននូវស្ថិរភាព និងភាពរឹងមាំក្នុងគ្រាមានអាសន្នផងដែរ៕