ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១២ មករានេះ បានជូនដំណឹងអំពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន ៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារ: ហេដ្ឋារចនាសម្ព័ន្ធសាធារណ: នឹងអាគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវការសោកស្ដាយយ៉ាងជ្រាលជ្រៅ និងថ្កោលទោសចំពោះសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់រមណីយដ្ឋានប្រាសាទព្រះវិហារ។ ក្នុងនាមជាអាណាព្យាបាលនៃសម្បត្តិបេតិកភណ្ឌជាតិ ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចងក្រងឯកសារភស្តុតាងនៃការខូចខាតទាំងនេះ ក្នុងគោលបំណងការពារ និងទាមទារឱ្យមានការគោរពតាមអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ (UNESCO) មេត្តាជួយពិនិត្យ និងវាយតម្លៃលើការបំផ្លិចបំផ្លាញនេះ ដើម្បីរួមគ្នាការពាររមណីយដ្ឋានដ៏ស័ក្តិសិទ្ធិនេះឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕



