Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Jun 15, 2026 | 09:40 AM

ក្រុមកម្ពុជា ឈ្នះពានលេខ១ ក្រោយយកជ័យជម្នះ លើក្រុមថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី

ក្រុមកម្ពុជា ឈ្នះពានលេខ១ ក្រោយយកជ័យជម្នះ លើក្រុមថៃ ម៉ាឡេស៊ី និងម៉ុងហ្គោលី

ក្រុងនីហ្គាតា ប្រទេសជប៉ុន៖ ព្រះរាជាណាចក្រកម្ពុជា បានឈានមកដល់របត់មួយថ្មី ជាមួយជោគជ័យ​ របស់យុវជន-យុវនារីទំពាំងស្នងឬស្សី លើឆាកអន្តរជាតិផ្ទួនៗ។ ឧទាហរណ៍ នាពេលថ្មីៗនេះ ក្រុមកម្ពុជាបានឈ្នះពានជជែកដេញដោលអន្តរជាតិ របស់អង្គការJCI ដែលមានឈ្មោះថាពានជជែកដេញដោលJCI ASPAC Niigata 2026។ 

ការប្រកួត ដែលក្រុមកម្ពុជាយកជ័យជម្នះជូនជាតិនេះ បានប្រព្រឹត្តិឡើង ពីថ្ងៃទី១១ ដល់១៤ ខែមិថុនា ឆ្នាំ២០២៦ នាទីក្រុងនីហ្គាតា ប្រទេសជប៉ុន។

ជ័យជម្នះ របស់ក្រុមជជែកដេញដោលនេះ បានទៅលើយុវជន-យុវនារីកម្ពុជា៣រូប គឺកញ្ញា ស្លេះ រីយ៉ាន, កញ្ញា អ៊ុង ខេមរា បរមីច័ន្ទ និងលោក ស៊ាង ធានសឹង។ ក្រុមកម្ពុជា បានឈ្នះក្រុមប្រទេសថៃ ក្នុងវគ្គ១/៤ មុននឹងប៉ះក្រុមម៉ាឡេស៊ី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានយកជ័យលើក្រុមម៉ុងហ្គោលី នៅវគ្គផ្ដាចព្រ័ត្រ។

នៅក្នុងការប្រកួត ជជែកដេញដោល ដែលមានរយៈពេលច្រើនថ្ងៃនេះ ជាយុទ្ធសាស្ត្រ ក្រុមកម្ពុជា បានយកប្រៀបលើក្រុមខ្លាំងៗ​ ពីបណ្ដាប្រទេសក្នុងតំបន់។ ដោយទោះស្ថិតនៅក្រោមសម្ពាធ ពួកគេនៅតែអាចបង្កើតអំណះអំណាង ដ៏រឹងមាំ ការធ្វើការជាក្រុមប្រកបដោយការសហការ និងការតាំងចិត្ត មិនលះបង់ រហូតទទួលបានពាន​ ត្រឡប់ជូនជាតិ។ 

គួរបញ្ជាក់ថា កញ្ញាបរមីច័ន្ទ ដែលជាសមាជិកក្រុមកម្ពុជា ដែលឈ្នះពានលេខ១ របស់JCIនេះ គឺជាអតីតសិស្ស និងធ្លាប់ជាសិស្សឆ្នើម របស់មជ្ឈមណ្ឌលភាសា​ អេ អាយ អាយ។