Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Feb 09, 2026 | 15:33 PM

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមហ៊ុន ស្ទេប ហ្វរវើដ អឹប្រដ ស្គូល ចុះអនុស្សរណៈយោគយល់គ្នាផ្ដល់ឱកាសដល់សិស្សានុសិស្សនៅកម្ពុជា ទៅសិក្សានៅប្រទេសចិន តាមរយៈ SOGO

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមហ៊ុន ស្ទេប ហ្វរវើដ អឹប្រដ ស្គូល  ចុះអនុស្សរណៈយោគយល់គ្នាផ្ដល់ឱកាសដល់សិស្សានុសិស្សនៅកម្ពុជា ទៅសិក្សានៅប្រទេសចិន តាមរយៈ SOGO

ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MENGLY J. QUACH EDUCATION PLC) និង ក្រុមហ៊ុន ស្ទេប ហ្វរវើដ អឹប្រដ ស្គូល ឯ.ក (STEP FORWARD ABROAD SCHOOL CO., LTD.) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើត និងពង្រឹងកិច្ចសហការយុទ្ធសាស្ត្រផ្នែកអប់រំ ពិសេសផ្តល់ឱកាសសិក្សា និងកម្មវិធីផ្លាស់ប្តូរការសិក្សាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់សិស្សានុសិស្សកម្ពុជា តាមរយៈកម្មវិធីសិក្សាក្រៅប្រទេស សូហ្គូ (SOGO)។ មជ្ឈមណ្ឌលភាសា អេ​ អាយ អាយ ផ្ដល់ថ្នាក់សិក្សាភាសាចិនគ្រប់កម្រិត និងឱកាសដល់សិស្ស របស់ខ្លួនទៅសិក្សានៅប្រទេសចិន​ តាមរយៈSOGOផងដែរ។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ តំណាងឱ្យក្រុមហ៊ុន MENGLY J. QUACH EDUCATION PLC និងលោក លឹម វុទ្ធី នាយកប្រតិបត្តិ នៃសាលា STEP FORWARD ABROAD SCHOOL។

គោលបំណងសំខាន់នៃអនុស្សរណៈនេះ គឺបង្កើត និងពង្រឹងកិច្ចសហការរវាងភាគីទាំងពីរ ដើម្បីផ្ដល់ឱកាសអប់រំថ្មីៗ សម្រាប់សិស្សានុសិស្សនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ក៏ដូចជាសិស្សានុសិស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ SOGO ជាអ្នកសម្របសម្រួលកម្មវិធីសិក្សាក្រៅប្រទេស និងការរៀបចំឯកសារ។

តាមកិច្ចព្រមព្រៀងនេះ ភាគី​ទាំងពីរ ​ឯកភាពគ្នា​គាំទ្រ និង​សហការ​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ និងសម្របសម្រួល​ដំណើរ​ការ ​​នៃ​ការសិក្សា​ថ្នាក់មធ្យមសិក្សាអន្តរជាតិ កម្មវិធីផ្លាស់ប្តូរការសិក្សា ការ ចូលរួមក្នុងកម្មវិធីចុះកម្មសិក្សានិង​​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្មវិធីផ្សេងៗនៅសាធារណរដ្ឋ ​ប្រជា​មានិតចិន ​ជា​រៀង​រាល់ឆ្នាំ។

រាល់សិស្សានុសិស្សរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែល​ទាក់ទង​ផ្ទាល់ទៅកាន់ភាគី(ក) ភាគី(ក)ផ្តល់ព័ត៌មានត្រឡប់មកកាន់ភាគី(ខ) វិញ ដើម្បីផ្តល់សិទ្ធិ​ឱ្យ (SOGO) ជាអ្នករៀបចំសំណុំឯកសារ និងទទួលបានអត្ថប្រយោជន៍តាមចំនួនសិស្សជាក់ស្តែង។

កិច្ចសហការនេះ ក៏មានគោលបំណងលើកកម្ពស់គុណភាពអប់រំ និងជំរុញឆន្ទៈយុវជនកម្ពុជា ឱ្យបន្តការសិក្សានៅបរទេស ព្រមទាំងពង្រឹងជំនាញភាសា វប្បធម៌ និងការយល់ដឹងអំពីជីវភាពរស់នៅនៅសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរ ក៏នឹងសហការសម្របសម្រួលលើការសិក្សា ការស្នាក់នៅ និងសុវត្ថិភាពរបស់សិស្ស/និស្សិត ដើម្បីធានាឱ្យដំណើរការសិក្សាក្រៅប្រទេសប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

អនុស្សរណៈនៃការយោគយល់នេះ មានសុពលភាពរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ហើយអាចបន្ត ឬបញ្ចប់មុនកាលកំណត់ តាមការព្រមព្រៀងរបស់គូភាគី។

តាមរយៈកិច្ចសហការនេះគូភាគីរំពឹងថា នឹងរួមចំណែកបង្កើនឱកាសសិក្សាក្រៅប្រទេសសម្រាប់សិស្សានុសិស្សកម្ពុជា តាមរយៈ SOGO ដែលជាកម្មវិធីសិក្សាក្រៅប្រទេសរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក៕