គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-សៀម គឺមានភាពស្ងប់ស្ងាត់ នេះបើយោងតាមសារព័ត៌មាន Fresh News ។ ប៉ុន្តែកាលពីយប់មិញមានសមរភូមិខ្លះ ទាហានឈ្លានពានរបស់សៀមបាន បន្តបាញ់ផ្លោង និងហោះដ្រូនស៊ើបការណ៍តាមបណ្តោយទីតាំងជួរមុខដែលនេះគឺជាការរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជា ។
សមរភូមិពោធិ៍សាត់ ចាប់ម៉ោង០១ៈ១០នាទីយប់ រហូតដល់ម៉ោង០៦ៈ៤៤នាទី ទាហានសៀមប្រើប្រាស់ដ្រូនហោះក្ដាប់សភាពការណ៍តាមបណ្ដាទីតាំងជួរមុខ និងប្រើប្រាស់កាំភ្លើងធំបាញ់ដាក់ទីតាំងអូរភ្លុកដំរី។
សមរភូមិឧត្តរមានជ័យ នៅវេលាម៉ោង៥ទាបភ្លឺ ទាហានសៀមបានបាញ់ផ្លោងចូលតាមាន់ និងជប់គគីរ តែម៉ោងជាង៦ស្ងាត់ហើយ។
សមរភូមិបន្ទាយមានជ័យ តាំងពីយប់មកទល់ពេលនេះ គឺមានភាពស្ងប់ស្ងាត់។
សមរភូមិព្រះវិហារ គិតត្រឹមព្រឹកនេះក៏មានភាពស្ងប់ស្ងាត់ដូចគ្នាផងដែរ ប៉ុន្ដែនៅតំបន់អានសេះ ទាហានបន្ដបាញ់ផ្លោងមួយៗ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលដែលបានបាត់បងជីវិតដោយសារយោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជា កើនឡើងរហូតដល់ ១៧ នាក់(ទារក ០១នាក់) និងរងរបួសចំនួន ៧៧នាក់ ៕