Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Dec 08, 2025 | 09:52 AM

ពិធីសម្ពោធសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

ពិធីសម្ពោធសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ

ពិធីសម្ពោធសៀវភៅថ្មីដែលមានចំណងជើងថា «គួច ម៉េងលី ជាមនុស្សបែបណា?» បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង។ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះចាប់ផ្តើមនៅម៉ោង ០៩:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ដែលក្នុងនោះក៏មានវត្តមាន អ្នកស្រឡាញ់ការអាន ការសរសេរ សិស្ស និស្សិត និងសាធារណជន ចូលរួមយ៉ាងច្រើនកុះករផងដែរ ។ 

សៀវភៅកម្រាស់ ៤៥២ ទំព័រនេះ ត្រូវបាននិពន្ធរួមគ្នាដោយលោក យ៉េង ឈាងលី និងលោក សែម ឫទ្ធី។ អ្នកនិពន្ធទាំងពីររូបនេះ បានផ្អែកលើបទពិសោធផ្ទាល់ក្នុងការចូលរួមកិច្ចការសំខាន់ៗជាច្រើន ជាមួយអ្នកឧកញ៉ា រួមផ្សំជាមួយការ កត់ត្រា និងសង្កេតយ៉ាងហ្មត់ចត់ ទៅលើបុគ្គលិកលក្ខណៈ សីលធម៌ ភាពជាអ្នកដឹកនាំ និងទម្លាប់ការងាររបស់អ្នកឧកញ៉ា។ សម្រាប់សៀវភៅនេះ ក៏បានបង្ហាញពី បុគ្គលិកលក្ខណៈ និងសមត្ថភាពដឹកនាំ ៥១ ចំណុច របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលធ្វើឱ្យអ្នកចូលរួម ចង់ដឹង ជាពិសេសសម្រាប់អ្នកដឹកនាំសហគ្រិន និងសាធារណជន ឈ្វេងយល់ពីការដឹកនាំប្រកបដោយសីលធម៌ ដើម្បីអភិវឌ្ឍខ្លួនឯង ហើយក៏ដើម្បីអបអរសាទរទៅដល់ អ្នកឧកញ៉ា និងអ្នកនិពន្ធ ផងដែរ ដែលបានចងក្រងសៀវភៅនេះឡើង។ 

គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?»នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី អបអរសាទរ និងគាំទ្រដល់ការអភិវឌ្ឍវប្បធម៌នៃការ អាន និងការសរសេរនៅកម្ពុជា។ នៅក្នុងឱកាសនេះដែរ អ្នកដែលបានចូលរួម វណ្ណកម្មថ្មីនេះ ក្នុងម្នាក់ទទួលបានសៀវភៅចំនួនមួយក្បាល ហើយថែមទាំងអាចស្នើសុំ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងអ្នកនិពន្ធចុះហត្ថលេខាលើសៀវភៅថែមទៀតផង។ ពិធីសម្ពោធសៀវភៅនៅថ្ងៃនេះ ឃើញមានវត្តមានអ្នកចូលរួមយ៉ាងច្រើនផុសផុលតែម្តង ដោយម្នាក់ៗមានទឹកមុខសប្បាយរីករាយ រំភើប និងត្រេកអរ ទាំងនេះក៏ដោយសារតែ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទទួលបានការគោរពស្រឡាញ់យ៉ាងទូលំទូលាយ ពីមជ្ឈដ្ឋានសាធារណជនគ្រប់ស្រទាប់វណ្ណៈផងដែរ៕