Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Dec 23, 2025 | 08:56 AM

លើសពីការអប់រំ គឺការផ្តល់ក្តីសង្ឃឹម ៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាំយកជំនួយសង្គ្រោះជូនពលរដ្ឋភៀសសឹក ១,៥០០ គ្រួសារ

image

ក្នុងស្មារតី "ការអប់រំផ្សារភ្ជាប់នឹងគុណធម៌" ដែលជាស្នូលនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ . គួច អេឌ្យូខេសិន បានដឹកនាំបេសកម្មមនុស្សធម៌យ៉ាងធំមួយ ដើម្បីចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្ត ដោយបានផ្តល់ជំនួយជាស្បៀងអាហារ លើកទី៥ និងទី៦ ជូនដល់ពលរដ្ឋភៀសសឹកចំនួន ១,៥០០ គ្រួសារ នៅក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ ក្នុងគោលបំណងចូលរួមចំណែក​ជួយសម្រួលការខ្វះខាត និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងប្រឈមការលំបាក។

នៅក្នុងកាលៈទេសៈដ៏លំបាកនេះ  អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកនូវជំនួយសង្គ្រោះបន្ទាន់រួមមាន ស្បៀងអាហារចាំបាច់ និងសម្ភារៈជាច្រើន ក្នុងនោះរួមមាន អង្ករ ៣០ តោន មី ១,៥០០ កេស ទឹកស៊ីអ៊ីវ ១,៥០០ យួរ ទឹកត្រី ១,៥០០ យួរ សាច់ក្រក ១,៥០០ គីឡូក្រាម ឆៃប៉ូវ ១,៥០០ គីឡូក្រាម ទឹកសុទ្ធ ១០០ យួរ ទឹកដោះគោសម្រាប់កុមារ ១២៥ កេស នំបុ័ងបាក់យ៉ុង ១,០០០ ដើម និងសម្លៀកបំពាក់ចម្រុះចំនួន ១០០ កេសធំ។

ការផ្តល់ជំនួយនេះ មានគោលបំណងចូលរួមចំណែកក្នុងកិច្ចការងារសង្គម ជាពិសេសឆ្លើយតបទៅនឹងតម្រូវការជាស្បៀងអាហារ និងសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹក ដោយគិតសរុបជាថវិកាប្រមាណជាង ៧ ម៉ឺនដុល្លារអាមេរិក។

ការចុះជួយពលរដ្ឋភៀសសឹកទាំង ១,៥០០ គ្រួសារនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថាមជ្ឈមណ្ឌលភាសា អេ អាយ អាយ និង មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តបេសកកម្មយ៉ាងមុតមាំក្នុងការឈរនៅក្បែរប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការអប់រំដ៏ពិតប្រាកដ គឺផ្ដើមចេញពីការធ្វើជាគំរូដ៏ល្អ៕