ថ្មីៗនេះ វិស័យទេសចរណ៍នៅខេត្តសៀមរាបអង្គរ បានបង្ហាញនូវសញ្ញាណវិជ្ជមានយ៉ាងខ្លាំងក្លា តាមរយៈការហូរចូលនៃភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលត្រូវបានគេប្រៀបប្រដូចទៅនឹង "ទឹកបាក់ទំនប់"។ និន្នាការថ្មីនេះ កើតឡើងស្របពេលដែលប្រជាជនឥណ្ឌាជាច្រើន បានបង្ហាញ ការមិនពេញចិត្ត និងខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើប្រមាថមើលងាយដល់សាសនាហិណ្ឌូ ពីសំណាក់ប្រទេសជិតខាងភាគខាងលិចរបស់កម្ពុជា នាពេលថ្មីៗនេះ។
អ្វីដែលជាចំណុចពិសេសនោះគឺ ការកើនឡើងនូវចំនួនជើងហោះហើរផ្ទាល់ពីទីក្រុង Kolkata ប្រទេសឥណ្ឌា មកកាន់ទឹកដីសៀមរាបអង្គរ។ ភ្ញៀវទេសចរឥណ្ឌាដែលបានធ្វើដំណើរតាមជើងហោះហើរទាំងនេះ មានចំនួនកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្ហាញពីការផ្លាស់ប្តូរគោលដៅទេសចរណ៍របស់ពួកគេ មកកាន់ទឹកដីកម្ពុជាវិញ ដែលជាទីតាំងប្រកបដោយការគោរព និងរក្សានូវតម្លៃសាសនា ក៏ដូចជាបេតិកភណ្ឌរួមគ្នាយ៉ាងខ្ជាប់ខ្ជួន។
ទន្ទឹមនឹងការមកដល់របស់ពួកគេ មគ្គុទ្ទេសក៍ទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន បានបង្ហាញ និងរៀបរាប់អំពីប្រវត្តិដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ត ដែលជាប្រាសាទសាសនាធំជាងគេបំផុតនៅលើពិភពលោក។ ទេសចរឥណ្ឌាជាច្រើនបានសម្តែងនូវក្តីរំភើបជាខ្លាំង នៅពេលបានឃើញដោយផ្ទាល់ភ្នែកនូវចម្លាក់ និងស្ថាបត្យកម្មដែលឆ្លុះបញ្ចាំងពីជំនឿ និងព្រលឹងសាសនារបស់ពួកគេ។ ការមកទស្សនារបស់ពួកគេ មិនត្រឹមតែជាការដើរកម្សាន្តនោះទេ ប៉ុន្តែវាគឺជា "ធម្មយាត្រា" មួយដើម្បីស្វែងរកសេចក្តីសុខ និងការគោរពឱ្យតម្លៃដល់អាទិទេពដែលពួកគេគោរពបូជា។
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ នៅពេលបញ្ចប់ទស្សនចរ ភ្ញៀវទេសចរឥណ្ឌាស្ទើរតែគ្រប់គ្នា បានបង្ហាញនូវភាពសប្បាយរីករាយ និងស្នាមញញឹមប្រកបដោយមិត្តភាព តាមរយៈការគ្រវី "ក្រមា" ដែលជាអត្តសញ្ញាណដ៏សំខាន់របស់ជនជាតិខ្មែរយើង។ ការគ្រវីក្រមានេះ បានក្លាយជានិមិត្តរូបថ្មីនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជាការដឹងគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលពួកគេទទួលបាននៅលើទឹកដីសុវណ្ណភូមិ។
ការសម្រុកមកដល់នៃទេសចរឥណ្ឌានេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជា "ជម្រកនៃវប្បធម៌ និងសន្តិភាព"។ ការផ្ដល់តម្លៃ និងការគោរពដល់ជំនឿសាសនា គឺជាកម្លាំងស្រូបទាញដ៏ខ្លាំងក្លាបំផុត ដែលធ្វើឱ្យកម្ពុជាក្លាយជាជម្រើសទី១ ជំនួសឱ្យតំបន់ដែលមានជម្លោះ និងការខ្វះការគោរពដល់បេតិកភណ្ឌសាសនា។តាមរយៈបទពិសោធន៍ដ៏ល្អដែលពួកគេទទួលបាន ភ្ញៀវទេសចរឥណ្ឌាទាំងនោះនឹងក្លាយជា "អ្នកនាំពាក្យវប្បធម៌" ដែលជួយផ្សព្វផ្សាយពីភាពអស្ចារ្យនៃអង្គរវត្ត និងភាពរាក់ទាក់របស់ប្រជាជនខ្មែរ ទៅកាន់ពិភពលោកទាំងមូល។
ជាមួយគ្នានោះដែរ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ក៏មាននាវាទេសចរណ៍ DIAMOND PRINCESS អន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ បានអញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីមផងដែរ៕