សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំព្រឹត្តិការណ៍ TEDx American Intercon School ជាលើកទី២ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥ នៅ Factory Phnom Penh ក្នុងបរិយាកាសដ៏រីករាយ និងពោរពេញដោយភាពច្នៃប្រឌិត។ ដែលនេះគឺជាវេទិកាដ៏មានឥទ្ធិពលបំផុតសម្រាប់យុវជនកម្ពុជា ក្នុងការបង្ហាញនូវសមត្ថភាព ទេពកោសល្យ និងទស្សនវិស័យថ្មីៗ ស្របតាមការវិវត្តនៃសម័យកាល បច្ចេកវិទ្យាឌីជីថល។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានវត្តមាន លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ជាច្រើនកុះករផងដែរ។
លោកស្រី រស់ យ៉ាណា ជាប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងឱ្យ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា «នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំប្រារព្ធនូវកម្មវិធី TEDx American Intercon School ប្រចាំឆ្នាំ២០២៥នេះ ដោយផ្តោតលើមូលបទ “សំឡេងនៃថ្ងៃស្អែក៖ “ការបំផុសគំនិតដែលបង្កើតអនាគតរបស់យើង “Voices of Tomorrow: Inspiring Ideas That Shape Our Future”។
លោកស្រីបានបន្ថែមទៀតថា កាលពីឆ្នាំមុនកម្មវិធីនេះ ក៏មានវាគ្មិនឆ្នើមៗចំនួន១០រូបដែរ ហើយសម្រាប់ឆ្នាំនេះវិញ ក៏មានវាគ្មិនវ័យឆ្នើម១០រូបដូចគ្នា ដែលគណៈកម្មការបានចម្រាញ់យ៉ាងស្វិតស្វាញចេញពីបេក្ខជន៦០រូប ដែលប្អូនៗនឹងបង្ហាញពីភាពក្លាហាន និងឆន្ទៈដ៏រឹងមាំក្នុងការឡើងបង្ហាញពីទស្សនៈរបស់ខ្លួន ទៅលើប្រធានបទនីមួយៗ។ ក្នុងចំណោមសិស្ស១០រូប ម្នាក់ៗបានបង្ហាញពីការប្រមូលផ្តុំគំនិត និងបទពិសោធ ក៏ដូចជាគំនិត និងចក្ខុវិស័យដ៏ក្លាហានដែលជាយុវជនទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយើង។
អ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ គឺវត្តមានដ៏លេចធ្លោរបស់ សិស្សានុសិស្សចំនួន ៤ រូប ដែលមកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលបាននាំយកនូវប្រធានបទដ៏មានខ្លឹមសារ និងការនិយាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ មកបង្ហាញលើឆាកមួយនេះ។ សិស្សទាំង៤នាក់ ក៏បានបញ្ចេញនូវសមត្ថភាព ទៅលើប្រធានបទខុសៗគ្នាគឺ ៖
១ . សារិ រតនា ប្រធានបទ «ហេតុអ្វីបានជាទំនុកចិត្តពិតប្រាកដត្រូវបានកើតឡើងនៅពេលយើងទទួលយកភាពជាខ្លួនឯង Why true confidence is built on accepting you flaws» មកពី Aii។
២ . ម៉េង ឆាយអូយ ប្រធានបទ «ឥទ្ធិពលនៃការងារស្ម័គ្រចិត្ត(The Power of Volunteering)»មកពី Aii។
៣ . ស៊ីម សារីណា ប្រធានបទ «បញ្ហាដែល Gen Alpha កំពុងប្រឈមមុខ(The Problem Gen Alpha is facing)»មកពី Aii។
៤ . កុសល កុសុម៉ា ប្រធានបទ « កុំទិតៀនអ្នកដទៃត្រូវចាត់ទុកថាជាកម្លាំងជំរុញ(Don't be jealous, Be inspired)មកពី AIS និងជាសិស្សរៀននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ផងដែរ។
៥ . ចំរើន ចន្ថា ប្រធានបទ «ការផ្លាស់ប្ដូរផ្នត់គំនិតដែលអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង The Mindset Shift That Changed Everything» មកពី Beltei។
៦ .សួន ម៉ាណា ប្រធានបទ «សម្ពាធការសិក្សា Academic Pressure» មកពី AIS។
៧ .សុភ័ក្រ្ដ ខេវិន ប្រធានបទ «តើយើងអាចនាំយកក្ដីស្រមៃរបស់យើងមកវិញបានដោយរបៀបណា? What happened to our DREAMS? មកពី AIS។
៨ .វណ្ណៈ ណូបលហ៊្សូល ប្រធានបទ «ឥទ្ធិពលនៃយុវជនជាគ្រាប់ពេជ្រដែលអាចកែប្រែអានាគតប្រទេសជាតិ The Power of Youth: The Hidden Gem That Can Transform a Nation's Future» មកពី AIS Alumnus។
៩ .ឈួរ គីមហ្គេច ប្រធានបទ «រីកចម្រើនដោយភាពភ័យខ្លាច(Growing Through Fear)» មកពី AUPP។
១០ .អ៊ុន រីសាណា ប្រធានបទ « ភាពមិនប្រាកដប្រជា អាចជាឱកាស(The Beauty of Not Having It All Figured Out)» មកពី Footprints។
វត្តមានរបស់សិស្សានុសិស្ស Aii ទាំង ៤ រូបនៅលើឆាក TEDx គឺជាលទ្ធផលនៃកម្មវិធីសិក្សាដ៏គ្រប់ជ្រុងជ្រោយ ដែលសាលាបានផ្តល់ជូន។ ការបណ្តុះបណ្តាលមិនត្រឹមតែផ្តោតលើភាសាប៉ុណ្ណោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើ៖ ការគិតបែបវិភាគ ទំនុកចិត្តលើខ្លួនឯង ការច្នៃប្រឌិត។
តាមរយៈភាពជោគជ័យរបស់សិស្សទាំង ៤ រូបនេះ បានសបញ្ជាក់ឱ្យឃើញថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ មិនត្រឹមតែផ្តល់នូវចំណេះដឹងភាសាប៉ុណ្ណោះទេ ប៉ុន្តែយើងបាន "រៀបចំយុវជនសម្រាប់អនាគត"។ ការរួមបញ្ចូលគ្នារវាងចំណេះដឹងភាសា និងបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យសិស្សានុសិស្សរបស់យើង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដើរតួជា "ពលរដ្ឋសកល"។
TEDxគឺជាបង្អួចមួយទៀតដែលអនុញ្ញាតឱ្យពិភពលោកមើលឃើញពីសមត្ថភាពពិតរបស់កូនខ្មែរ ហើយ Aii នឹងនៅតែជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យបង្អួចនេះកាន់តែរីកធំឡើង៕


