នៅថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងនាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៨,០០០,០០០ រៀល (ប្រាំបីលានរៀល) ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយសម្រាលទុក្ខលំបាកដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែនកម្ពុជា-ថៃ។
ក្រៅពីការគាំទ្រដល់ក្រសួងអប់រំ មូលនិធិ ម៉េងលី ជេ. គួច ក្នុងស្មារតីសាមគ្គីភាព និងការរួមចំណែកពីសំណាក់សិស្សានុសិស្ស មាតាបិតា បុគ្គលិក និងក្រុមគ្រួសារ ក៏បានពង្រីកវិសាលភាពនៃការគាំទ្ររបស់ខ្លួន ទៅដល់គ្រួសាររងគ្រោះជាង ១,៥០០ គ្រួសារ នៅក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យផងដែរ។ បេសកកម្មមនុស្សធម៌ដ៏ធំធេងរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសបញ្ជាក់ពីស្មារតីសប្បុរសធម៌យ៉ាងមុតមាំ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាក ដែលសកម្មភាពនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ទុក្ខលំបាក និងជាកម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តរស់នៅដោយក្ដីសង្ឃឹម។
សូមជម្រាបជូនផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលនូវ ថវិកា សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជននៅគ្រប់មជ្ឈមណ្ឌល ដើម្បីចាត់ចែងបែងចែក និងដឹកជញ្ជូនជូនដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សភៀសសឹកនៅក្នុងបណ្ដាខេត្តដែលកំពុងបន្តរងផលប៉ះពាល់៕

