អប់រំ Nov 25, 2025 | 08:27 AM

សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» បង្ហាញសមត្ថភាពដឹកនាំ ៥១ ចំណុច នឹងមានវត្តមានឆាប់ៗនេះ

image

សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?»នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ​។ ស្នាដៃនេះ គឺជាស្នាដៃនិពន្ធថ្មីមួយក្បាល ដែលនិយាយពីជីវិត និងបុគ្គលិកលក្ខណៈរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាឧត្តមបុគ្កលម្នាក់ទទួលបានការគាំទ្រ និងគោរពស្រឡាញ់ពីសាធារណជន យ៉ាងទូលំទូលាយ នឹងជិតដល់ពេលវេលាដែលត្រូវសម្ពោធជាផ្លូវការហើយ។

សៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» ត្រូវបាននិពន្ធរួមគ្នាដោយអ្នកនិពន្ធ យ៉េង ឈាងលី និង លោក សែម ឫទ្ធី ដោយផ្អែកលើការអង្កេតផ្ទាល់រាល់ពេលបានចូលរួមកម្មវិធីសំខាន់ៗជាច្រើនជាមួយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ហើយការចូលរួមដ៏ជិតស្និទ្ធនេះ បានបំផុសឱ្យអ្នកនិពន្ធទាំងពីររូបចាប់ផ្តើមកត់ត្រា និងសង្កេតយ៉ាងហ្មត់ចត់លើបុគ្គលិកលក្ខណៈ សីលធម៌ ការដឹកនាំ និងទម្លាប់ការងា និងការប្រាស្រ័យទាក់ទងរបស់អ្នកឧកញ៉ា ជាដើម ដែលធ្វើឱ្យអ្នកឧកញ៉ាទទួលបានការគោរពស្រឡាញ់ពីមនុស្សជាច្រើន និងពីគ្រប់ស្ថានភាពសង្គម។ ស្នាដៃនេះ កើតឡើងបាន ពុំមែនត្រឹមតែការសង្កេតផ្ទាល់នោះទេ អ្នកនិពន្ធថែមទាំងបានសម្ភាសប្រភពដែលធ្វើការជិតស្និទ្ធជាមួយ អ្នកឧកញ៉ាផងដែរ។

អ្នកនិពន្ធបានបង្ហាញពីការសិក្សា និងលាតត្រដាងលម្អិតអំពីទិដ្ឋភាពផ្ទាល់ខ្លួន គំនិត សិល្បៈដឹកនាំ សីលធម៌ និងទម្លាប់ការងាររបស់អ្នកឧកញ៉ា​។ ការបង្ហាញនេះ គឺចង់ឆ្លើយសំណួរ ដែលសាធារណជនតែងតែចង់ដឹងអំពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ បើទោះបីជាសៀវភៅនេះ មិនប្រើពាក្យ "ជោគជ័យ" ក៏ដោយ ក៏ខ្លឹមសាបានស្តែងចេញញយ៉ាងច្បាស់ពីកត្តាសំខាន់ៗជាច្រើន ដែលជួយបង្ហាញផ្លូវអ្នកអានឱ្យបានឃើញពីគំរូជីវីតមួយ ដែលអ្នកឧកញ៉ាអាចដឹកនាំខ្លួន ឱ្យក្លាយជាបុគ្គលឆ្នើមលើវិស័យអប់រំ និងមុខជំនួញ។

សៀវភៅនេះនឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងសមត្ថភាពដឹកនាំចំនួន ៥១ ចំណុច របស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ វាមិនត្រឹមតែជាការរៀបរាប់ពីបុគ្គលម្នាក់ប៉ុណ្ណោះទេ តែជាការផ្តល់ឱកាសឱ្យអ្នកអានគ្រប់រូបឆ្លុះបញ្ចាំងលើខ្លួនឯង និងរៀនពីគន្លឹះសំខាន់ៗនៃការដឹកនាំ និងការរីកចម្រើនក្នុងជីវិត។  សៀវភៅមួយក្បាលនេះ មានប្រយោជន៏ជាពិសេសសម្រាប់ អ្នកដឹកនាំសហគ្រិន បញ្ញវន្ត អ្នកអប់រំ សិស្សនិស្សិតនិងសាធារណជន ដើម្បី ឈ្វេងយល់ពីការដឹកនាំប្រកបដោយសីលធម៌ ដើម្បីអភិវឌ្ឍខ្លួនឯង និងស្វែងរកចម្លើយចំពោះសំណួរថាតើ "ត្រូវធ្វើយ៉ាងដូចម្តេច ទើបជោគជ័យ ហើយទទួលបានការគោរពស្រឡាញ់ពីសាធារណជន?"

ដូចនេះសម្រាប់មិត្តអ្នកស្រឡាញ់ការអាន ការសរសេរ សិស្ស និស្សិត និងសាធារណជន សូមចូលរួមពីធីសម្ពោធសៀវភៅ«គួច ម៉េងលី ជាមនុស្សបែបណា?» ដោយសេរី ឱ្យបានច្រើនកុះករ ដែលកម្មវិធីនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង ចាប់ពីម៉ោង៩ព្រឹកដល់១២ថ្ងៃត្រង់ ដើម្បីអបអរសាទរ និងគាំទ្រដល់ការអភិវឌ្ឍវប្បធម៌នៃការអាន និងការសរសេរនៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកអ្នក ក៏នឹងទទួលបានវណ្ណកម្មថ្មីនេះ ក្នុងម្នាក់ចំនួនមួយក្បាល ហើយថែមទាំងអាចស្នើសុំ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងអ្នកនិពន្ធចុះហត្ថលេខាលើសៀវភៅថែមទៀតផង៕