ថ្មីៗនេះ បង្អែមឬក៏នំដែលមានឈ្មោះថា Tiramisu (ធីរ៉ាមីស៊ូ) គឺជាបង្អែមបែបអ៊ីតាលីដ៏ល្បីល្បាញបំផុតមួយ ដែលមានន័យជាភាសាអ៊ីតាលីថា «លើកខ្ញុំឡើង»(Pick me up) ឬក៏«ធ្វើឱ្យខ្ញុំស្រស់ស្រាយ» ដែលសំដៅលើឥទ្ធិពលការផ្តល់កម្លាំង ដោយសារវាមានផ្ទុកនូវជាតិការហ្វេនៅក្នុងនោះដែរ។
ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញមានដាក់លក់នៅតាមហាងនានា ដូចជា ហាងកាហ្វេ តាមសណ្ឋាគារ តាមស្តង់នៅផ្លូវថ្មើរជើងចតុមុខជាដើម។ ថ្វីត្បិតតែបង្អែមនេះមានការពេញនិយមខ្លាំងក៏ពិតមែន តែបើនិយាយពីប្រវត្តិរបស់បង្អែមមួយមុខនេះ នៅតែមានការវែកញែកយ៉ាងខ្លាំងអំពីប្រវត្តិដើមរបស់វា រវាងតំបន់ពីរនៃប្រទេសអ៊ីតាលី គឺតំបន់ Veneto (ទីក្រុង Treviso) និង តំបន់ Friuli-Venezia Giulia។
បើនៅតំបន់ Veneto (ទីក្រុង Treviso) គេបានលើកឡើងថា Tiramisu ត្រូវបានបង្កើតឡើងនៅក្នុងភោជនីដ្ឋាន Le Beccherie ក្នុងទីក្រុង Treviso នៅចន្លោះ ចុងទសវត្សរ៍ឆ្នាំ១៩៦០ ឬដើមទសវត្សរ៍ឆ្នាំ១៩៧០ ។ កាលនោះមាន ចុងភៅ Roberto "Loly" Linguanotto និងភរិយាបានកែច្នៃបង្អែមតាមតំបន់មួយឈ្មោះថា Sbatudin (ដែលជាស៊ុតក្រហមវាយជាមួយស្ករ) ដោយបន្ថែមឈីស Mascarpone កាហ្វេ និងនំប៊ីស្គី Ladyfingers។
ចំណែកឯនៅតំបន់ Friuli-Venezia Giulia វិញ អ្នកខ្លះក៏បានអះអាងថា Tiramisu ពិតជាមានប្រភពដើមនៅទីនេះពិតមែន ហើយក៏មានភស្តុតាងជាលាយលក្ខណ៍អក្សរនៃរូបមន្តស្រដៀងគ្នាជាមួយឈ្មោះថា Tiramisu តាំងពីឆ្នាំ១៩៥៩ នៅឯសណ្ឋាគារ Albergo Roma ក្នុងទីក្រុង Tolmezzo។
ទោះបីជាយ៉ាងណាក៏ដោយ រូបមន្ត Tiramisu ដ៏ល្បីល្បាញដែលយើងស្គាល់សព្វថ្ងៃនេះ គឺពិតជាចាប់ផ្តើមលេចឡើង និងល្បីល្បាញទូទាំងពិភពលោកនៅ ទសវត្សរ៍ឆ្នាំ១៩៨០ (1980)។
បើតាមអាយុកាលរបស់ Tiramisu ផ្អែកលើការស្រាវជ្រាវ និងភស្តុតាងដែលត្រូវបាន ទទួលស្គាល់បំផុត (ជាពិសេសការលើកឡើងជាផ្លូវការនៅក្នុងមុខម្ហូប និងសៀវភៅធ្វើម្ហូប) Tiramisu ដូចដែលយើងស្គាល់សព្វថ្ងៃ ត្រូវបានគេជឿថា មានកំណើតនៅចន្លោះ ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ បើយកឆ្នាំ១៩៧០ ជាចំណុចចាប់ផ្តើម (ដោយសារភោជនីយដ្ឋានល្បីឈ្មោះ) ហើយរហូតដល់ឆ្នាំ ២០២៥ នេះ គឺមានអាយុកាលប្រហែល ៥៥ ឆ្នាំ ហើយ។
ដូច្នេះ បង្អែម Tiramisu គឺជាបង្អែមបែបទំនើបមួយ ដែលមានអាយុកាល ប្រហែល ៥០ ទៅ ៦០ ឆ្នាំ ប៉ុណ្ណោះ ដែលមិនមែនជាបង្អែមបុរាណចាស់ដូចបង្អែមដទៃទៀតរបស់អ៊ីតាលីទេ៕