ប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀង «ឈប់បាញ់ទ្វេភាគី» រយៈពេលពីរសប្តាហ៍ជាមួយប្រទេសអ៊ីរ៉ង់ ដែលចាប់ផ្តើមអនុវត្តភ្លាមៗតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក)។ កិច្ចព្រមព្រៀងដែលទទួលបានការជ្រោមជ្រែងពីប៉ាគីស្ថាននេះ កើតឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ដែលអាចផ្ទុះទៅជាសង្គ្រាមទ្រង់ទ្រាយធំ។ កន្លងមក លោក ត្រាំ ធ្លាប់បានព្រមានថា បើជម្លោះនៅតែបន្តរីករាលដាល វាអាចនឹងបង្កជាមហន្តរាយដែលអាចបំផ្លាញ «អរិយធម៌ទាំងមូល»។
យោងតាមលក្ខខណ្ឌនៃបទឈប់បាញ់នេះ ភាគីទាំងពីរបានប្តេជ្ញាផ្អាករាល់សកម្មភាពវាយប្រហារយោធាជាបន្ទាន់។ ទោះបីជាសហរដ្ឋអាមេរិកបានបញ្ឈប់ការវាយប្រហារលើគោលដៅនានារបស់អ៊ីរ៉ង់ក៏ដោយ ប៉ុន្តែខ្លួននៅតែរក្សាកម្លាំងត្រៀមលក្ខណៈការពារខ្លួនជានិច្ច ដើម្បីឆ្លើយតបនឹងការគំរាមកំហែងណាមួយដែលអាចកើតឡើងជាយថាហេតុ។ ការផ្អាកការប្រយុទ្ធនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយ ដើម្បីទប់ស្កាត់ភាពវឹកវរក្នុងតំបន់ និងផ្តល់ឱកាសដ៏កម្រមួយសម្រាប់ការចរចាតាមផ្លូវការទូត។
ចំណុចស្នូលនៃកិច្ចព្រមព្រៀងនេះ គឺការបើកឱ្យដំណើរការឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញជុំវិញពិភពលោក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ អាចប្រព្រឹត្តទៅដោយសុវត្ថិភាពក្រោមការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ហើយបទឈប់បាញនេះជួយសម្រាលកង្វល់លើការរអាក់រអួលនៃចង្វាក់ផ្គត់ផ្គង់ប្រេងអន្តរជាតិ។ លើសពីនេះ វិសាលភាពនៃបទឈប់បាញ់នេះ ក៏អាចនឹងជះឥទ្ធិពលដល់តំបន់ក្បែរខាង រួមទាំងប្រទេសលីបង់ ដែលជាកន្លែងកំពុងមានការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា (Hezbollah) ផងដែរ។