រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំព្រឹត្តិការណ៍«សម្លព្រូងបំពង់ឬស្សី» ជាលើកទី១ ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤-៥ -៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅបរិវណសួនច្បារដំរីដេក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការរៀបចំព្រឹត្តិការណ៍ «សម្លព្រូងបំពង់ឬស្សី»នេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអធិកអធម។
តាមពិតទៅសម្លព្រូងបំពង់ឬស្សី ជាម្ហូបពិសេសមួយរបស់ជនជាតិដើមភាគតិច ប្រចាំខេត្តមណ្ឌលគិរី ។ សម្លប្រពៃណីនេះ អាចនិយាយបានថា ស្រដៀងទៅនិងសម្លកកូរ ដោយប្រើប្រាស់បន្លែចម្រុះជាច្រើនមុខ ដូចជា ត្រប់ ត្រួយល្ពៅ ននោង ស្លឹកបាស ស្លឹកខ្ទឹម និងមានបន្លែជាច្រើនទៀត ដោយគេញាត់សាច់និងបន្លែចូលទៅក្នុងបំពង់ឬស្សី ហើយយកទៅដុត ដោយជំនួសដោយការប្រើប្រាស់ឆ្នាំង ។
ព្រឹត្តិការណ៍ «សម្លព្រូងបំពង់ឬស្សី» ក៏មានដាក់តាំងបង្ហាញ ហើយក៏បានដាក់ឱ្យភ្លក់នូវរស់ជាតិដោយសិរីផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះក៏មានការសម្តែងសិល្បៈ របាំប្រពៃណីរបស់ជនជាតិដើមភាគតិច មានការដាក់តាំងបង្ហាញនូវផលិតផលផ្លែឈើជាច្រើនប្រភេទ រួមទាំងមានកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕
