Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ Apr 10, 2026 | 15:29 PM

ការដំឡើងព្រះគោរមងារជា អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា របស់ព្រះនាងតូច ចេណ្ណា

ការដំឡើងព្រះគោរមងារជា អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា របស់ព្រះនាងតូច ចេណ្ណា

មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសេចក្តីសោមនស្សរីករាយ និងមោទកភាពយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរចំពោះការឡើងព្រះគោរមងារជាផ្លូវការរបស់ដៃគូសហការដ៏ជិតស្និទ្ធរបស់យើង គឺព្រះនាងចេណ្ណា។ ព្រះមហាក្សត្រ បានដំឡើងគោរមងារព្រះនាងចេណ្ណាពី “កែវ នរោត្តម ចេណ្ណា” មកជា "អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា" យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ។ 

ការទទួលបានព្រះគោរមងារដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រនាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ទ្រង់ចំពោះវិស័យសិល្បៈ វប្បធម៌ខ្មែរ និងការបម្រើជាតិមាតុភូមិដោយព្រះទ័យសប្បុរស។ ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមចូលរួមជាមួយប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរចំពោះភាពជោគជ័យ និងការរីកចម្រើនរបស់ទ្រង់ដែលជាជានិមិត្តរូប នៃសិល្បៈវប្បធម៌ និងកិច្ចការងារសប្បុរសធម៌របស់កម្ពុជា។
អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា មិនត្រឹមតែជាសិល្បការនីដ៏ឆ្នើមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់គឺជាពន្លឺនៃក្តីសង្ឃឹមសម្រាប់សហគមន៍របស់យើង។ 

អេ អាយ អាយ និងអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា តែងតែមានចក្ខុវិស័យរួមគ្នាមួយ គឺការផ្តល់អំណាចដល់យុវជន និងការជួយជ្រោមជ្រែងដល់អ្នកដែលខ្វះខាត។ ព្រះគោរមងារថ្មីនេះ បានឆ្លុះបញ្ចាំងពីគុណតម្លៃនៃព្រះទ័យរបស់ទ្រង់ និងឥទ្ធិពលដែលទ្រង់បានសាងឡើងនៅលើឆាកអន្តរជាតិ ក្នុងនាមជាទូតសុឆន្ទៈវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមរំលឹក និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីដ៏សំខាន់របស់ទ្រង់ ក្នុងកម្មវិធី "Concert for a Cause" ឬការប្រគុំតន្ត្រី ដើម្បីសប្បុរសធម៌ របស់ អេ អាយ អាយ កាលពីឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នាពេលនោះ នៅតែជាការចងចាំដ៏មានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង ដែលវត្តមាន របស់អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា បានជួយកៀរគរថវិកាបានយ៉ាងច្រើនលើសលប់ ដើម្បីជួយដល់មន្ទីរពេទ្យក្នុងស្រុក។ ការសម្តែងរបស់ទ្រង់នាពេលនោះ មិនមែនត្រឹមតែជាសិល្បៈតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាស់ស្មារតីដល់សិស្សានុសិស្ស និងក្រុមគ្រួសាររាប់ពាន់នាក់ ឱ្យចូលរួមក្នុងកិច្ចការសង្គម។

ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានមានប្រសាសន៍ថា៖ «ការឃើញទ្រង់ឈានមកកាន់ព្រះគោរមងារថ្មីនេះ គឺជាមោទកភាពសម្រាប់ពួកយើងទាំងអស់គ្នានៅ អេ អាយ អាយ។ ការចូលរួមរបស់ទ្រង់កាលពីឆ្នាំ ២០២៥ បានក្លាយជាគំរូនៃភាពជាអ្នកដឹកនាំដែលពោរពេញដោយក្តីមេត្តា។ យើងខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយ នៃបុព្វហេតុសិល្បៈវប្បធម៌ និងកិច្ចការងារសប្បុរសធម៌របស់ទ្រង់»។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅតែបន្តប្រកាន់ខ្ជាប់នូវតម្លៃនៃទំនួលខុសត្រូវសង្គម។ យើងខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ អ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ចេណ្ណា ក្នុងការបន្តជំរុញទឹកចិត្តយុវជនជំនាន់ក្រោយឱ្យហ៊ានសុបិន និងចេះចែករំលែកត្រឡប់ទៅសង្គមវិញ។