អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ជារបស់«ទ្រព្យសម្បត្តិរដ្ឋ» ដែលនឹងមិនលក់ទៅឱ្យវិស័យឯកជនឡើយ។ នេះគឺជាការបញ្ជាក់ជាថ្មីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិតេជោជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ។
តាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយបិទទ្វារជាស្ថាពរ ព្រលានយន្តហោះចាស់ធ្លាប់ត្រូវបានស្នើយកទៅអភិវឌ្ឍក្រោមរូបភាពផ្សេងៗ ប៉ុន្តែសំណើនោះត្រូវបានបដិសេធជាបន្តបន្ទាប់។រដ្ឋនឹងមិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅឲ្យក្រុមហ៊ុនឯកជនណាមួយឡើយ។ តាមគម្រោងរបស់រាជរដ្ឋាភិបាល នៅក្នុងពេលឆាប់ៗខាងមុខរដ្ឋនឹងរៀបចំកែប្រែទីតាំងនៅផ្នែកខ្លះនៃអាកាសយានដ្ឋាននេះធ្វើជាសួនសាធារណៈសម្រាប់ពលរដ្ឋមកកម្សាន្ត និងទុកទីតាំងនៅផ្នែកខ្លះទៀត ធ្វើជាផ្លូវបម្រុងសម្រាប់ការចុះចតបន្ទាន់ណាមួយ។
នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា ព្រលានលានយន្តហោះចាស់របស់កម្ពុជាត្រូវចំណាយលុយថែទាំ ៣លានដុល្លារក្នុង១ឆ្នាំៗ ហើយត្រូវប្រែក្លាយជាសួនសាធារណៈ និងត្រូវរក្សាទុកបម្រុងសម្រាប់ការចុះចតយន្តហោះគ្រាមានអាសន្ន។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានចាប់កសាងជាលើកដំបូងដោយក្រុមហ៊ុនបារាំងនៅឆ្នាំ ១៩៥៧ រួចធ្វើពិធីសម្ពោធនៅថ្ងៃទី ១៩ មករា ១៩៥៩។ ព្រលាននេះ សង់លើផ្ទៃដីប្រមាណជាង ៤០០ ហិកតា ដោយបម្រើផលប្រយោជន៍ពីវិស័យអាកាសចរណ៍ដល់កម្ពុជាអស់រយៈពេល ៦៦ឆ្នាំមកហើយ៕


