សិក្ខាសាលាដែលរៀបចំធ្វើនៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារអីអន២ ក្នុងខណ្ឌសែនសុខនេះ មានការចូលរួមពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា លោកស្រី ហ៊ លីគា ប្រធាននាយកដ្ឋានស្រាវជ្រាវបណ្តុះ បណ្តាលអភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ លោកស្រី ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ នៃផ្សារមូលបត្រកម្ពុជា លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យូរឹធី (ខេមបូឌា) ម.ក អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធសរុបជាង៦០០នាក់។អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានប្រសាសន៍ក្នុងសិក្ខាសាលាថា« គោលបំណងសំខាន់មួយគឺការរៃអង្គាសថវិកាដើម្បីបើកសាលារៀនបន្ថែមទៀត និងទៅដល់តំបន់ដែលមានតម្រូវការ បន្ថែមពីលើប្រាក់កម្ចីពីធនាគារ ហើយយើងជឿជាក់ថា IPO នឹងជួយយើងពន្លឿនផែនការពង្រីករបស់យើងជាមួយនឹងការចូលទៅកាន់ដើមទុនថ្មី។ ឥឡូវនេះយើងមានសាខាត្រឹមតែ ១៥ ប៉ុណ្ណោះ ហើយយើងមានគម្រោងរៃអង្គាសថវិកាដើម្បីពង្រីកអាជីវកម្ម និងឈានដល់គោលដៅរបស់ខ្លួននៃ ១៦០ សាខា»។លោកបន្តថា«គោលដៅក្នុងការដាក់ក្រុមហ៊ុនចូល IPO នេះគឺមិនមែនដើម្បីប្រាក់ចំណេញនោះទេ គឺដើម្បីឱ្យកូនខ្មែរមានឱកាសចូលរៀននៅសាលាល្អ មិនថាតំបន់ក្រីក្រ តំបន់មធ្យម ឬតំបន់អ្នកមាននោះទេ គឺយើងត្រូវដាក់(សាលា)នៅគ្រប់តំបន់ទាំងអស់ ដើម្បីជួយរាជរដ្ឋាភិបាលយើងក្នុងការបណ្ដុះបណ្ដាលធនធានរបស់ប្រទេសយើងដែលកំពុងតែមានការលូតលាស់សេដ្ឋកិច្ច។»អ្នកឧកញ៉ាបានបង្ហាញការប្ដេជ្ញាចិត្តថានឹងបញ្ចប់ការងារចូល IPOឱ្យរួចរាល់ដើម្បីអាចទិញ លក់បាននៅចន្លោះចុងខែមិនា ឬដើមខែមេសាឆ្នាំ២០២៣នេះ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា សាទរចំពោះការចូលទីផ្សារមូលបត្រនេះ ព្រោះថាក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានបទពិសោធន៍យូរឆ្នាំក្នុងវិស័យអបរំ។
ដោយឡែកសម្រាប់ការប្តេជ្ញាចិត្តបញ្ចប់កិច្ចការចូលទីផ្សារភាគហ៊ុននៅចន្លោះចុងខែមិនា និងដើមខែមេសារបស់អ្នកឧកញ៉ាគួច ម៉េងលីវិញ ឯកឧត្តម ស៊ូ សុជាតិ ចាត់ទុកថាជាកាដូសម្រាប់ប្រជាពលរដ្ឋខ្មែរក៏ដូចជាអ្នកដែលចង់ទិញភាគហ៊ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ហើយលោកបន្តថា នៅពេលដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ចូលទីផ្សារមូលបត្ររួចរាល់ហើយ នឹងអាចបោះសញ្ញាបណ្ណបន្តទៀត។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលបានចូលរួមក្នុងវិស័យទីផ្សារមូលបត្រនេះ។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ នៃផ្សារមូលបត្រកម្ពុជាបានពន្យល់ពាក្យថាភាគហ៊ុនថាគឺជាចំណែកតូចៗដែលម្ចាស់អាចក្លាយជាបំណែកតូចៗជាម្ចាស់ក្រុមហ៊ុនមួយដែលលក់ភាគហ៊ុន។
គួរបញ្ជាក់ថាក្រុមហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាក្រុមហ៊ុនក្នុងវិស័យអប់រំដំបូងបំផុតដែលបានទីផ្សារមូលបត្រ ៕