ក្រុមនិស្សិតច្បាប់មកពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីជូនប្រទេសកម្ពុជា ដោយទទួលបាន ចំណាត់ថ្នាក់លេខ ៣ លើពិភពលោក សម្រាប់ពានរង្វាន់ "Richard R. Baxter" នៅក្នុងផ្នែកសរសេរសារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹងល្អបំផុតលេខ ៣ (3rd Best Applicant Memorial) ក្នុងចំណោមសាកលវិទ្យាល័យជាង ៨០០ តំណាងអោយជាង ១០០ ប្រទេស នៅទូទាំងពិភពលោក។
ក្រុមកម្ពុជាទទួលបានជ័យជំនះនេះ ក្រោយការចូលរួមក្នុងកម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ Philip C. Jessup International Law Moot Court Competition 2026 ដែលប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។។ ពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយសមាគមនិស្សិតច្បាប់អន្តរជាតិ (ILSA) ដើម្បីផ្តល់កិត្តិយសដល់លោកចៅក្រម Richard Baxter នៃតុលាការយុត្តិធម៌អន្តរជាតិ និងដើម្បីអបអរសាទរចំពោះសមត្ថភាពដ៏ឆ្នើមក្នុងការស្រាវជ្រាវ និងការសរសេរទាក់ទងនឹងច្បាប់អន្តរជាតិ។
និយាយឱ្យងាយយល់ ក្រុមនិស្សិតច្បាប់ពីសាកលវិទ្យាល័យ RULE បានចូលរួមប្រកួតក្នុងកម្មវិធីមួយ ប្រៀបដូចជា "ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup)" ផ្នែកច្បាប់ ដែលមានឈ្មោះថា Jessup Moot Court។ ពួកគេមិនត្រឹមតែចូលរួមធម្មតានោះទេ ប៉ុន្តែត្រូវបានគេទទួលស្គាល់ថាជាក្រុមដែល សរសេរអំណះអំណាងផ្នែកច្បាប់បានល្អបំផុតលំដាប់ទី ៣ ក្នុងចំណោមសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក។
ធនធានដឹកនាំនាពេលអនាគត៖ និស្សិតទាំងនេះបានបង្ហាញថា ពួកគេមានសមត្ថភាពពេញលេញក្នុងការការពារផលប្រយោជន៍របស់កម្ពុជាលើឆាកអន្តរជាតិ ដោយប្រើប្រាស់ច្បាប់អន្តរជាតិជានីតិវិធី។



