ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្នកំពុងគង់សម្រាកព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង ប្រទេសចិន បន្ទាប់ពីការវះកាត់ព្រះរោគមហារីកក្រពេញប្រូស្តាតទទួលបានជោគជ័យ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ យោងតាមក្រសួងព្រះបរមរាជវាំង និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ការវះកាត់នេះត្រូវបានអនុវត្តដោយក្រុមគ្រូពេទ្យជំនាញកម្រិតខ្ពស់របស់ប្រទេសចិន ហើយបច្ចុប្បន្នព្រះអង្គបានដឹងព្រះកាយឡើងវិញ និងមានស្ថានភាពព្រះរាជសុខភាពល្អប្រសើរជាលំដាប់។
ក្នុងព្រះរាជដំណើរស្នាក់នៅព្យាបាលនេះ ព្រះអង្គទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ខណៈដែលក្រុមគ្រូពេទ្យបន្តតាមដានព្រះរាជសុខភាពយ៉ាងដិតដល់បំផុត។ លទ្ធផលជោគជ័យនៃការវះកាត់នេះ ក៏បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលតែងតែផ្តល់ការថែទាំយ៉ាងល្អប្រសើរដល់ព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ។
នៅទូទាំងប្រទេស ប្រជានុរាស្ត្រខ្មែរគ្រប់ទិសទីបានរួមចិត្តរួមកាយ បួងសួងសុំឱ្យព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឆាប់បានជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពមាំមួនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
រាប់ចាប់ពីវត្តអារាមនានាក្នុងរាជធានីភ្នំពេញ រហូតដល់តាមបណ្តាខេត្តឆ្ងាយៗ ព្រះសង្ឃ និងពលរដ្ឋគ្រប់រូបបានរៀបចំពិធីចម្រើនព្រះបរិត្ត និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសគុណបុណ្យព្រះរតនត្រ័យ សូមជួយអភិបាលគ្រងរក្សាព្រះអង្គឱ្យមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។ លើសពីនេះព្រះអង្គក៏បានផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីស្រឡាញ់ និងភក្តីភាពរបស់ប្រជានុរាស្ត្រគ្រប់រូប។ ខណៈដែលក្រុមគ្រូពេទ្យកំពុងបន្តពិនិត្យស្ថានភាពព្រះអង្គ នគរកម្ពុជាទាំងមូលមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការយាងត្រឡប់មកវិញរបស់ព្រះអង្គ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាតំណាងនៃឯកភាពជាតិ និងសន្តិភាពសម្រាប់កូនចៅខ្មែរតរៀងទៅ។
ស្របជាមួយគ្នានេះដែរ មជ្ឈមណ្ឌលភាសា អេ អាយ អាយ រាប់ចាប់តាំងពីគណៈគ្រប់គ្រង ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ សូមបួងសុខវត្ថុស័ក្ដសិទ្ធក្នុងលោក ឱ្យតាមថែរក្សាព្រះអង្គឆាប់ជាសះស្បើយ និងមានព្រះជន្មាយុយឺនយូរផងដែរ៕