ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើវាសនារបស់យុវជន និងកុមារកម្ពុជា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនត្រូវផ្លាស់ទីទៅកាន់តំបន់សុវត្ថិភាព ដោយសារស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បំផុសគំនិតដល់មន្ទីរអប់រំខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសប្បុរសជនទាំងអស់ រួមគ្នាបង្កលក្ខណៈឱ្យសិស្សានុសិស្សដែលភៀសសឹក អាចបន្តការសិក្សាបាន តាមគ្រប់រូបភាព និងលទ្ធភាពដែលអាចធ្វើទៅបាន។
សង្រ្គាម ឬវិបត្តិអាចរំខានដល់ការរស់នៅ ប៉ុន្តែវាមិនត្រូវរារាំងអនាគតនៃចំណេះដឹងរបស់កុមារឡើយ។ ហេតុនេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសប្បុរសជនបានសម្រួលក្នុងការបង្កើតជាកន្លែងសិក្សា ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដូចជា ៖
១ . បង្កើត សាលារៀនចល័ត ឬ តំបន់រៀនសូត្របណ្តោះអាសន្ន
នៅតាមទីតាំងជំរំភៀសសឹក ឬកន្លែងស្នាក់នៅបណ្តោះអាសន្ន អាជ្ញាធរអប់រំមូលដ្ឋានបានសហការជាមួយសហគមន៍ ដើម្បីរៀបចំឱ្យមានជា សាលារៀនក្រោមម្លប់ឈើ ក្នុងតង់ ឬក្នុងសាលាឆទាន។ ទីកន្លែងមិនមែនជាឧបសគ្គឡើយ អ្វីដែលសំខាន់គឺការបង្កើតបរិយាកាសសិក្សាដើម្បីឱ្យកុមារមានអារម្មណ៍ថា ជីវិតពួកគេនៅតែមានស្ថិរភាព និងក្តីសង្ឃឹម។
២ . ស្មារតីលះបង់របស់លោកគ្រូអ្នកគ្រូ និងអ្នកស្ម័គ្រចិត្ត
ក្រសួងសូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ និងយុវជនស្ម័គ្រចិត្ត ឱ្យប្រើប្រាស់នូវចំណេះដឹង និងបេះដូងសប្បុរស ដើម្បីជួយបង្រៀនសិស្សានុសិស្សនៅក្នុងជំរំ។ ការបង្រៀនក្នុងកាលៈទេសៈនេះ មិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជា "ឱសថផ្លូវចិត្ត" ដ៏សំខាន់សម្រាប់ជួយកុមារឱ្យជៀសផុតពីការតក់ស្លុត និងភាពភ័យខ្លាច។
៣ .ការបង្រៀនតាមភាពបត់បែន និងការគាំទ្រផ្លូវចិត្ត
អនុវត្តកម្មវិធីសិក្សាបែបសម្រួល ដោយផ្តោតលើវិជ្ជាសំខាន់ៗ និងបន្ថែមនូវសកម្មភាពល្បែងកម្សាន្ត ការគូររូប និងការនិទានរឿង ដើម្បីជួយសម្រួលដល់សុខភាពផ្លូវចិត្តរបស់សិស្ស។ "រៀនផង លេងផង" គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុតសម្រាប់សិស្សដែលកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។
៤ . ការចែករំលែកសម្ភារៈសិក្សា
សប្បុរសជន និងលោកគ្រូ អ្នកគ្រូ ត្រៀមបម្រុងនូវសៀវភៅពុម្ព សៀវភៅសរសេរ និងសម្ភារៈសិក្សាចាំបាច់ដទៃទៀត ដើម្បីចែកចាយដល់សិស្សានុសិស្សដែលបានបាត់បង់ ឬខ្វះខាតសម្ភារៈក្នុងអំឡុងពេលភៀសខ្លួន។ យើងត្រូវធានាថា កុមារគ្រប់រូបមានប៊ិច និងក្រដាសនៅក្នុងដៃ ទោះបីពួកគេមិនស្ថិតក្នុងបន្ទប់រៀនផ្លូវការក៏ដោយ។
៥. សាមគ្គីភាពរវាងសាលារៀន និងអាណាព្យាបាល
មាតាបិតា មេត្តាជួយជំរុញ និងលើកទឹកចិត្តកូនៗឱ្យចូលរួមក្នុងសកម្មភាពសិក្សាបណ្តោះអាសន្នទាំងនេះ។ សហគមន៍ទាំងមូលត្រូវចាត់ទុកការអប់រំជាអាទិភាពទី២ បន្ទាប់ពីសុវត្ថិភាពផ្ទាល់ខ្លួន។
គំនិតច្នៃប្រឌិត និងការលះបង់របស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសង្គ្រោះអនាគតកុមារខ្មែរគឺជារឿងចាំបាច់។ គ្រាប់កាំភ្លើងអាចបំផ្លាញអគារសិក្សាបាន ប៉ុន្តែវាមិនអាចបំផ្លាញស្មារតីចង់ចេះចង់ដឹងរបស់កូនខ្មែរបានឡើយ៕



