Stand with Cambodia — Together for Our Future
សុខភាព Jan 12, 2026 | 17:14 PM

គ្រាប់ធញ្ញជាតិ៤ប្រភេទនេះអាចបណ្ដាលឲ្យខូចសុខភាពដោយមិនដឹងខ្លួន

គ្រាប់ធញ្ញជាតិ៤ប្រភេទនេះអាចបណ្ដាលឲ្យខូចសុខភាពដោយមិនដឹងខ្លួន

ការបរិភោគគ្រាប់ធញ្ញជាតិជារឿងល្អសម្រាប់សុខភាព ប៉ុន្តែប្រសិនបើអ្នកមិនបានជ្រើសរើសឱ្យបានត្រឹមត្រូវទេនោះ វាអាចបំផ្លាញសុខភាពរបស់អ្នកទៅវិញ ។ គ្រាប់ធញ្ញជាតិ ៤ ប្រភេទដែលអ្នកមិនគួរទទួលទានជាដាច់ខាត ព្រោះវាបង្កឱ្យមានហានិភ័យនៃជំងឺមហារីក ៖

១. គ្រាប់ធញ្ញជាតិដែលដុះផ្សិត 

គ្រាប់ធញ្ញជាតិដែលទុកយូ ឡើងដុះផ្សិត វាអាចបង្កគ្រោះថ្នាក់ដ៏ធំបំផុត។ គ្រាប់ធញ្ញជាតិងាយនឹងឆ្លងមេរោគផ្សិត Aspergillus ដែលបង្កើតជាសារធាតុពុល Aflatoxin ដែលជាសារធាតុមានសមត្ថភាពបង្កមហារីកយ៉ាងខ្លាំងក្លា។ ការសិក្សាបានបង្ហាញថា Aflatoxin អាចបង្កការខូចខាតដល់ថ្លើម និងបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម ក្រពះ តម្រងនោម និងពោះវៀន។

២. គ្រាប់ដែលឆេះ ឬលីងខ្លាំងពេក

គ្រាប់ធញ្ញជាតិមានផ្ទុកនូវខ្លាញ់ ប្រូតេអ៊ីន និងជាតិម្សៅច្រើន។ នៅពេលដែលវាត្រូវបានលីងក្នុងកម្តៅខ្លាំងពេក សារធាតុទាំងនេះនឹងប្រែប្រួល និងបង្កើតជាសារធាតុពុលជាច្រើនដូចជា benzo(a)pyrene និង acrylamide ដែលសុទ្ធសឹងតែជាសារធាតុមានសមត្ថភាពបង្កមហារីក។

៣. គ្រាប់ដែលច្នៃ "ធ្វើឱ្យស្អាត" ដោយសារធាតុគីមី

គ្រាប់ធញ្ញជាតិមួយចំនួននៅលើទីផ្សារត្រូវបាន ជ្រលក់ពណ៌ ដោយសារធាតុគីមី ដើម្បីឱ្យមើលទៅទាក់ទាញភ្នែក។ សារធាតុប៉ារ៉ាហ្វីន (paraffin) ដែលមិនត្រូវបានប្រើសម្រាប់អាហារ អាចបង្កជាជាតិពុល និងកកកុញបន្តិចម្តងៗនៅក្នុងរាងកាយ។ 

៤. គ្រាប់ដែលមានរសជាតិខ្លាំងពេក

គ្រាប់ដែលមានរសជាតិប្រៃ រសជាតិប៊ឺ-ទឹកដោះគោ ឬត្រូវបានបិតដោយគ្រឿងទេសគ្រប់ប្រភេទ គឺតែងតែមានផ្ទុកជាតិអំបិលច្រើន សារធាតុសំយោគ និងសារធាតុផ្អែមសិប្បនិម្មិត។ លើសពីនេះ រសជាតិខ្លាំងៗក៏ជាល្បិចដើម្បីបិទបាំងក្លិនរបស់គ្រាប់ដែលហួសកាលបរិច្ឆេទ ឬចាប់ផ្តើមខូចគុណភាពផងដែរ។

ចំណាំចំណុចសំខាន់ៗនៅពេលបរិភោគគ្រាប់ធញ្ញជាតិ

  • គ្រាប់ធញ្ញជាតិមានថាមពល និងជាតិខ្លាញ់ខ្ពស់ណាស់។ ប្រសិនបើអ្នកបានញ៉ាំអាហារច្រើនរួចទៅហើយក្នុងមួយថ្ងៃ ជាពិសេសអាហារសម្បូរខ្លាញ់ អ្នកមិនគួរញ៉ាំគ្រាប់ធញ្ញជាតិច្រើនទៀតទេ ព្រោះវាងាយនឹងលើសកម្រិតថាមពលដែលត្រូវការ។
  • នៅពេលយប់ ជិតដល់ម៉ោងចូលគេង មិនគួរញ៉ាំគ្រាប់ធញ្ញជាតិទេ ព្រោះវាងាយបង្កឱ្យធ្ងន់ពោះ។
  • អ្នកដែលកំពុងមានអាការៈរាគ ឬរលាកផ្លូវរំលាយអាហារស្រួចស្រាវ គួរតែផ្អាកការបរិភោគគ្រាប់ធញ្ញជាតិជាបណ្ដោះអាសន្ន ព្រោះជាតិសរសៃ (Fiber) និងប្រេងក្នុងគ្រាប់នឹងធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
  • ចំពោះអ្នកដែលមានអាការៈក្ដៅក្នុង មាត់ពងបែក ឬឈឺចាប់បំពង់ក ការបរិភោគគ្រាប់ធញ្ញជាតិច្រើនក៏ធ្វើឱ្យស្ថានភាពមិនស្រួលទាំងនោះកើនឡើងដែរ។

វិធីថែរក្សាគ្រាប់ធញ្ញជាតិឱ្យបានត្រឹមត្រូវ

  • គ្រាប់ធញ្ញជាតិមានផ្ទុកប្រេងច្រើន ងាយនឹងអុកស៊ីតកម្ម (oxidize) ក្នុងស្ថានភាពក្ដៅ និងសើម ដែលបង្កជាក្លិនមិនល្អ ឬក្លិនស្អុយប្រេង ។​​
  • ការបរិភោគគ្រាប់ដែលមានក្លិនស្អុយនេះនឹងបង្កើនការបំពុលនៃ រ៉ាឌីកាល់សេរី (free radicals) នៅក្នុងខ្លួន បង្កគ្រោះថ្នាក់ដល់សរសៃឈាម និងបង្កើនហានិភ័យនៃជំងឺមហារីក។
  • ប្រសិនបើអ្នកទិញគ្រាប់ធញ្ញជាតិច្រើន ហើយមិនអាចបរិភោគអស់ក្នុងរយៈពេលខ្លី អ្នកគួរតែបែងចែកជាចំណែកតូចៗ ដាក់ក្នុងថង់ ឬប្រអប់បិទជិត រួចរក្សាទុកក្នុងទូទឹកកកផ្នែកកក ។
  • វិធីនេះជួយកាត់បន្ថយការប៉ះពាល់ជាមួយខ្យល់ ទឹក និងកាត់បន្ថយហានិភ័យគ្រាប់ឡើងសំណើម ឬដុះផ្សិត។
  • បើរកឃើញមានក្លិនផ្សិត ត្រូវបោះចោលជាដាច់ខាត៕

ប្រភព៖ kenh14