ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានចេញសេចក្តីប្រកាសដាស់តឿន និងបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើមិនសមរម្យ និងការរំខាននានាដែលបង្កឡើងដោយអាជ្ញាធរថៃ នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក ទៅលើអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរមកពីតំបន់អឺរ៉ុប ក្នុងគោលបំណងឆ្លងកាត់ (Transit) ឆ្ពោះមកកាន់ប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ និងពាក្យបណ្តឹងជាច្រើនពីសំណាក់អ្នកដំណើរដែលបានជួបប្រទះផ្ទាល់ ស្ថានទូតបានកត់សម្គាល់ឃើញនូវចំណុចអវិជ្ជមានធ្ងន់ធ្ងរមួយចំនួន ដែលអាជ្ញាធរថៃបានអនុវត្តមានដូចជា៖ ការសួរសំណួររាប់សិបម៉ោង ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះទង្វើដែលបង្កការលំបាកដល់អ្នកដំណើរមកកាន់កម្ពុជា។ ទង្វើទាំងនេះមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍អ្នកដំណើរក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។
ស្ថានទូតសូមណែនាំដល់បងប្អូនជនរួមជាតិ ក៏ដូចជាអ្នកទេសចរអន្តរជាតិទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ឬពិចារណាជ្រើសរើសជើងហោះហើរត្រង់ ឬឆ្លងកាត់តាមបណ្តាប្រទេសផ្សេងទៀតដែលមានភាពងាយស្រួលជាង ដើម្បីជៀសវាងការជួបប្រទះនូវបញ្ហាអសីលធម៌ទាំងនេះ៕
