កាលពីម្សិលមិញនេះ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនដំណឹងជាផ្លូវការ ទៅប្រទេសថៃ និងអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដើម្បីដំណើរការយន្តការផ្សះផ្សារ ដោយបង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬហៅដោយខ្លីថាUNCLOS ដើម្បីដោះស្រាយដែនសមុទ្រ ដែលត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។ ទាក់ទងនឹងសេចក្ដីសម្រេចចិត្តនេះ រាជរដ្ឋាភិបាលកម្ពុជាធ្វើឡើង គឺនៅក្រោយពេលដែលរាជរដ្ឋាភិបាលថៃ នាយករដ្ឋមន្ត្រីអានុទីន ដកខ្លួនពីអនុស្សារណៈ នៃការយោគយល់គ្នា នាឆ្នាំ២០០១ ឬMoU ២០០១។ MoU ២០០១ នេះហើយ គឺជាក្របខ័ណ្ឌទ្វេរភាគី ដែលដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នា រវាងប្រទេសទាំងពីរ អស់រយៈពេល២៥ឆ្នាំមកហើយ តែនាយករដ្ឋមន្ត្រីអានុទីន បែរជាលើកឡើងថាពុំទទួលបានផលប្រយោជន៍អ្វីសោះ ជាមួយMoU ២០០១នេះទៅវិញ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែតបានពន្យល់ពីសេចក្ដីសម្រេចនេះថា គឺជាជំហានដ៏សំខាន់ ក្នុងការការពារបូរណភាពដែនសមុទ្រកម្ពុជា ដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ ហើយបានលើកឡើងថាសេចក្ដីសម្រេចចិត្តនេះ មិនមែនជាការបង្កើត ឱ្យមានជម្លោះសាជាថ្មី ព្រោះវាគឺជា ការចរចារ ដោយការសម្របសម្រួល នៅក្រោមនីតិវិធីអន្តរជាតិ។ សម្ដេចបរវរធិបតី បានបន្ថែមទៀតថា យន្តការដែលបានលើកឡើងមួយនេះ ធ្លាប់ត្រូវបានប្រើប្រាស់ នៅក្នុងជម្លោះរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ដោយបានដោះស្រាយជម្លោះដែនសមុទ្រ ដ៏ជោគជ័យ កាលពីឆ្នាំ២០១៨។
ទន្ទឹមនឹងការប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្ដីថ្លែងការ គាំទ្រសេចក្ដីសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដោយចាត់ទុកសេចក្ដីសម្រេចនេះថាត្រឹមត្រូវ តាមផ្លូវច្បាប់ និងជាទំនួលខុសត្រូវ ក្នុងការដោះស្រាយជម្លោះ ប្រកបដោយភាពយុត្តិធម៌ និងសន្តិវិធី។ រដ្ឋសភាជាតិ ក៏បានលើកទឹកចិត្ត ប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅស្រុករួមគ្នាជាធ្លុងមួយ និងជឿទុកចិត្តលើរដ្ឋាភិបាល នៅក្នុងដំណើរការដោះស្រាយដែនសមុទ្រ ដែលត្រួតស៊ីគ្នា ក្រោមច្បាប់អន្តរជាតិនេះ។
គួរបញ្ជាក់ដែរថា សម្ដេចបវរសម្រេចជ្រើសរើសយន្តការសន្តិភាពនេះ ដើម្បីការពារបូរណភាពដែនដីកម្ពុជា និងជាការកំណត់ដែនសមុទ្រ ដើម្បីអាចទាញយកធនធាន សម្រាប់បម្រើដល់សេដ្ឋកិច្ច និងប្រជាជន នៃប្រទេសទាំងពីរ តជំនាន់ទៅមុខទៀត៕