Stand with Cambodia — Together for Our Future
អប់រំ Dec 09, 2025 | 08:24 AM

កម្ពុជាជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងការប្រើប្រាស់ជំនាញភាសាអង់គ្លេសជាសកល

កម្ពុជាជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងការប្រើប្រាស់ជំនាញភាសាអង់គ្លេសជាសកល

កម្ពុជាជាប់ចំណាត់ថ្នាក់ចុងក្រោយគេ ក្នុងចំណោមប្រទេសចំនួន ១២៣ នៅក្នុងជំនាញភាសាអង់គ្លេសរបស់ EF (EF EPI) ឆ្នាំ២០២៥ ដោយទទួលបាន ៣៩០ ពិន្ទុ ។ សម្រាប់លទ្ធផលនេះ បានដាក់ប្រទេសកម្ពុជា នៅក្នុងប្រភេទជំនាញ ទាបបំផុត (Very Low Proficiency) ដែលនៅឆ្ងាយពីប្រទេសហូឡង់ ដែលជាប់ចំណាត់ថ្នាក់កំពូល ដោយទទួលបាន ៦២៤ ពិន្ទុ។ 

កម្ពុជាធ្វើបានល្អបំផុតក្នុងជំនាញសរសេរ ដោយទទួលបានពិន្ទុ (៣៩៤) និងការស្តាប់ (៣៩៣) បន្ទាប់មកគឺការ និយាយ ដោយទទួលបានពិន្ទុ( ៣៨៦) ។ ចំណែកការអានវិញ ជាប់ចំណាត់ថ្នាក់ទាបបំផុត ដោយទទួលបានពិន្ទុ ត្រឹមតែ ៣៦៨ តែប៉ុណ្ណោះ ។ ក្នុងរបាយការណ៍បានកត់សម្គាល់ថា ភាសាអង់គ្លេសនៅតែជាភាសាសំខាន់សម្រាប់ទំនាក់ទំនងជាសកល ហើយក៏មានតម្រូវការទូទាំងពិភពលោក សម្រាប់ការរៀនភាសាអង់គ្លេសនៅតែបន្ត បើទោះបីជាមានការជាប់គាំងនៃការរីកចម្រើនក៏ដោយ។ 

នៅទ្វីបអាស៊ី ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតគឺនៅលេខរាងទី ២៤ ដោយទទួលបាននិន្ទុ ៥៨១ បន្ទាប់មកគឺហ្វីលីពីន ដោយបានចំណាត់ថ្នាក់លេខ២៨ និងទទួលបានពិន្ទុ ៥៦៩  និងហុងកុង បានចំណាត់ថ្នាក់លេខ ៣៩ និងទទួលបានពិន្ទុ ៥៣៨ ។ ចំណែកប្រទេសផ្សេងៗទៀតក៏ស្ថិតនៅក្នុងប្រទេសដែលមានប្រភេទជំនាញមធ្យមផងដែរ ដោយក្នុងនោះ រួមមាន កូរ៉េខាងត្បូង នេប៉ាល់ បង់ក្លាដែស និងវៀតណាម។  ចំណែកប្រទេសនៅក្នុងក្រុមជំនាញទាបរួមមាន ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា ប៊ូតាន ឥណ្ឌូណេស៊ី ចិន ឡាវ និងតួកម៉េនីស្ថាន។ រីឯ ប្រទេសអាស៊ីមួយក្រុមធំក៏បានជាប់ចំណាត់ថ្នាក់ទាបបំផុតដែរ ដោយក្នុងនោះ រួមមាន ម៉ុងហ្គោលី ជប៉ុន មីយ៉ាន់ម៉ា កាហ្សាក់ស្ថាន តាជីគីស្ថាន ថៃ និងកម្ពុជា។ 

និន្នាការនៃការប្រឡងថ្នាក់ជាតិបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមស្រដៀងគ្នានេះផងដែរ ដោយខេត្តខ្លះបានកត់ត្រាអត្រាធ្លាក់ចុះភាសាអង់គ្លេសខ្ពស់បំផុត។ ក្នុងនោះមានបញ្ហាសំខាន់ៗរួមមាន គុណភាពបង្រៀនមានកម្រិត  កង្វះខាតធនធានក្នុងថ្នាក់រៀន និង ការលើកទឹកចិត្តគ្រូបង្រៀនដែលមានចំណេះដឹងទាប។ តាមការសិក្សាមួយពីវេទិកាអប់រំកម្ពុជា (Cambodia Education Forum)  បានបញ្ចាក់ថា សាលារៀនជាច្រើនខ្វះខាតឧបករណ៍មូលដ្ឋានដូចជា សៀវភៅ និងកុំព្យូទ័រ ដែលធ្វើឱ្យពិបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍សិស្ស។ បើតាមការ សិក្សាក៏បានកត់សម្គាល់ផងដែរថា ភាសាចិនជារឿយៗត្រូវបានគេមើលឃើញថាមានតម្លៃសេដ្ឋកិច្ចជាង ជាពិសេសសម្រាប់មុខរបរក្នុងវិស័យដែលត្រូវការអ្នកបកប្រែភាសាចិន។

ផែនការយុទ្ធសាស្ត្រអប់រំក្នុងឆ្នាំ ២០២៤–២០២៨ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីគំនិតផ្តួចផ្តើមនានា ដើម្បីបង្កើនគុណភាពនៃការបង្រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំ និងគាំទ្រដល់ការសិក្សាពេញមួយជីវិត។ ផែនការនេះមានគោលបំណងបន្តកំណែទម្រង់អប់រំឱ្យបានទូលំទូលាយនៅគ្រប់កម្រិត។

មជ្ឈមណ្ឌលភាសាឯកជន កំពុងគាំទ្រការអភិវឌ្ឈភាសាអង់គ្លេស ជាមួយនឹងបញ្ហាប្រឈម ដែលកំពុងបន្តនៅក្នុងប្រព័ន្ធសាធារណៈ ក្នុងនោះក៏មានសិស្សកាន់តែច្រើនឡើងបានចុះឈ្មោះចូលរៀននៅសាលាភាសាបរទេសឯកជន ដើម្បីពង្រឹងជំនាញភាសាអង់គ្លេសរបស់ពួកគេដែរ ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ស្ថិតនៅក្នុងចំណោមស្ថាប័នដែលផ្តល់់កម្មវិធីរៀបចំរចនាសម្ព័ន្ធ ដែលត្រូវបានរៀបចំឡើង ​ដើម្បីបង្កើនជំនាញភាសាអង់គ្លេស តាមរយៈផ្លូវនៃការសិក្សាដែលមានមូលដ្ឋានច្បាស់លាស់ និងបែងចែកតាមកម្រិត។ កម្មវិធីទាំងនេះជាទូទៅរួមមាន  ភាសាអង់គ្លេសទូទៅ វគ្គសិក្សាសម្រាប់អ្នករៀនវ័យក្មេង ការត្រៀមលក្ខណៈសម្រាប់ភាសាអង់គ្លេសសិក្សា និងថ្នាក់ដែលផ្តោតលើជំនាញជាក់លាក់ដូចជា ការនិយាយ ការសរសេរ ការស្តាប់ និងការអាន។ 

មជ្ឈមណ្ឌលទាំងនេះច្រើនតែផ្តល់នូវការធ្វើតេស្តបែងចែកកម្រិត  សម្ភារៈសិក្សាដែលបានធ្វើបច្ចុប្បន្នភាព  មេរៀនដែលគាំទ្រដោយបច្ចេកវិទ្យា និងថ្នាក់រៀនអន្តរកម្ម។ ពួកគេក៏បានផ្តល់នូវសិក្ខាសាលា សកម្មភាពក្រៅកម្មវិធីសិក្សា និងការវាយតម្លៃទៀងទាត់ ដែលជួយសិស្សឱ្យរីកចម្រើនជាមួយនឹងវឌ្ឍនភាពដែលអាចវាស់វែងបាន។ 
កម្មវិធីបែបនេះធ្វើឱ្យអ្នកសិក្សាអនុវត្តបានកាន់តែជាប់លាប់ និងមានទំនុកចិត្ត ព្រមទាំងបង្កើនជំនាញទំនាក់ទំនង និងសមត្ថភាពរួមរបស់ពួកគេផងដែរ។

ដោយសារតែកម្ពុជានៅតែបន្តជាប់ចំណាត់ថ្នាក់ទាបក្នុងសមត្ថភាពភាសាអង់គ្លេស ការបង្កើនលទ្ធភាពទទួលបានកម្មវិធីភាសាដែលមានរចនាសម្ព័ន្ធ និងបរិយាកាសបង្រៀនប្រកបដោយប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់សម្រាប់ការបង្កើនឱកាសសិក្សា និងអាជីពនៅពេលអនាគត៕