Stand with Cambodia — Together for Our Future
វប្បធម៌-សិល្បៈ Sep 30, 2025 | 08:44 AM

អ្នកច្នៃម៉ូតស្រីដំបូងរបស់កម្ពុជាធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងកម្មវិធី New York Fashion Week 2025

អ្នកច្នៃម៉ូតស្រីដំបូងរបស់កម្ពុជាធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងកម្មវិធី New York Fashion Week 2025

កាលពីពេលថ្មីៗនេះ អ្នករចនាម៉ូតស្រ្តីដំបូងរបស់កម្ពុជា តាន់ សុខហុង បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទនភាព ក៏ដូចជាពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើស្នាដៃក្នុងការបង្ហាញម៉ូតលំដាប់អន្តរជាតិ New York Fashion Week 2025 នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ 

តាមរយៈស្នាដៃច្នៃម៉ូតសម្លៀកបំពាក់ដ៏ប្រណីតដែលពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់នេះបានឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ខ្មែរ និងភាពរស់រវើកនៃអត្តសញ្ញាណខ្មែរក្នុងការនាំយកម៉ាកយីហោរសម្លៀកបំពាក់កូនខ្មែរ ALmée Couture (អាល់មី ខនតួ) ទៅចូលរួមដើរបង្ហាញម៉ូតក្នុងកម្មវិធី Fashion show លំដាប់អន្តរជាតិ នៅឯទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ដោយមានវត្តមានតារាស្រីនិងបវរកញ្ញា៣រូបគឺ កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 កញ្ញា ឈុំចាន់ដារ៉ា Miss Supranational Cambodia 2024 និង តារាស្រីកូនកាត់២សាសន៏ ខ្មែរ-បារាំង កញ្ញា មាលា (Melia Constantin )។ 

អ្នកច្នៃម៉ូតសម្លៀកបំពាក់យីហោ ALmée Couture បានសម្រិតសម្រាំងក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ពោរពេញទៅដោយភាពប្រណីត រស់រវើក ប្រៀបដូចជាឈុតដែលមានវិញ្ញាណនៅលើឆាក។ Collection នេះមានសម្លៀកបំពាក់ចន្លោះប្រហែល ១៨ទៅ២០ឈុត ដែលសុទ្ធតែស្រស់ស្អាតគ្រប់ម៉ូត រួមជាមួយអ្នកដើរបង្ហាញម៉ូតដើរស្អាតទៀតនោះ បានធ្វើឱ្យរ៉ូបនីមួយៗរបស់ស្នាដៃកូនខ្មែរ កាន់តែទាក់ទាញចំណាប់អារម្មណ៏អ្នកទស្សនាជាច្រើន ជាពិសេសគឺឈុត គ្រងដោយកញ្ញាមាលា បានធ្វើឱ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំង ព្រោះរ៉ូបមួយនេះ មានបង្ហាញរូបប្រាសាទអង្គរវត្តនៅផ្នែកខាងលើ និងផ្នែកខាងក្រោម បានបង្ហាញពីរូបនាឡិការកាឡាក់ស៊ីដ៏ធំ ដែលវាបានឆ្លុះបញ្ចាំងពីពេលវេលាអមតៈ និងមានការរំលេចត្បូងចែងចាំង ដាំដោយអង្កាំខៀវខ្ចីនិងពណ៍ស្វាយស្រាល រ៉ូបនេះបានបង្កប់នូវភាពទន់ភ្លន់ និងស្រស់ស្អាតដូចទេពអប្សរ ដែលមានអំណាច។ 
តាមរយៈការដើរបង្ហាញម៉ូតក្នុងកម្មវិធីអន្តរជាតិនេះ គឺបានផ្តល់ផលវិជ្ជមានខ្លាំងមែនទែនទៅដល់វិស័យច្នៃម៉ូតនៅកម្ពុជា ព្រោះនេះគឺជាជំហានដំបូង ហើយក៏អាចនិងមានបន្តបន្ទាប់ទៀតសម្រាប់កម្ពុជា ក្នុងការនាំយកឈុតសម្លៀកបំពាក់ដែលជាស្នាដៃកូនខ្មែរ ទៅបង្ហាញឱ្យពិភពលោកបានឃើញ នឹងអាចជួយបើកផ្លូវឱ្យកូនខ្មែរអាចឈានជើងទៅឆាកអន្តរជាតិ កាន់តែរីកចម្រើននាពេលអនាគត៕