មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាទូទៅគេស្គាល់ថា ជាគ្រឹះស្ថានសិក្សាភាសាបរទេស Aii របស់ឧកញ៉ា គួច ម៉េងលី កាលពីថ្ងៃទី១៣ ខែតុលា បានរៀបចំសន្និសីទប្រចាំឆ្នាំ នៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់គ្រូធ្វើការផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធបង្រៀនពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងគុណភាពអប់រំផ្នែកភាសាបរទេសដល់សិស្ស ។
កម្មវិធីនេះ គឺសន្និសីទប្រចាំឆ្នាំលើកទី៣ នៃការចែករំលែកវិធីសាស្រ្តនៃការបង្រៀនទៅវិញទៅមករវាងគ្រូនិងគ្រូ។ តាមរយៈការចែករំលែកបទពិសោធនៃការបង្រៀនរវាងគ្រូនិងគ្រូ គឺជាយុទ្ធសាស្រ្តបង្រៀនដ៏មានប្រសិទ្ធភាពបែបសតវត្សទី២១ ស្របពេលវិស័យអប់រំនៅលើពិភពលោកកំពុងរីកចម្រើនខ្លាំង។
បើតាមលោក ហ៊ាង ម៉េងហ៊ុយ អ្នករៀបចំកម្មវិធី ឱ្យដឹងថា លក្ខណៈពិសេសនៃការបង្រៀននៅ Aii គឺច្របាច់ការអប់រំបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាទៅក្នុងការបង្រៀន និងការរៀនសូត្ររបស់សិស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការធ្វើកិច្ចការសាលាតាមអនឡាញជាដើម។ តាមរយៈការបង្រៀនបែបនេះ គ្រូនិងអ្នកអាណាព្យាបាលអាចរួមគ្នាចូលទៅគ្រប់គ្រងសិស្សបាន។ នេះជាចំណុចពិសេសសម្រាប់ផ្ដល់ឱកាសឱ្យអ្នកអាណាព្យាបាលគ្រប់គ្រងការសិក្សារបស់សិស្ស។
លោកបន្តថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងតែរៀបចំឡើងឱ្យគ្រូមកជួបជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីធ្វើការចែករំលែកបទពិសោធបង្រៀនគ្នាទៅវិញទៅមក ហើយគ្រូនឹងយកចំណេះដឹងដែលទទួលបាននេះទៅអភិវឌ្ឍក្នុងការបង្រៀន។ ការបង្រៀនរបស់គ្រូមានប្រសិទ្ធភាព ការសិក្សារបស់សិស្សក៏មានប្រសិទ្ធភាពដែរ។ នេះជាចំណុចដែលមជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងតែយកចិត្តទុកដាក់ជានិច្ច។
លោកឱ្យដឹងទៀតថា «គ្រូនីមួយៗមានបទពិសោធផ្សេងៗគ្នាក្នុងការបង្រៀន ពេលគាត់ជួបជុំគ្នា គាត់ចែករំលែកគ្នា។ អ៊ីចឹងគាត់អាចយកអ្វីដែលពួកគេបង្រៀនជោគជ័យទៅចែករំលែកជាមួយគ្នាគាត់។ មួយទៀត ការរៀបចំឱ្យគ្រូៗមកជុំគ្នានេះ ដើម្បីពង្រឹងចំណងមិត្ដភាពរវាងគ្រូនឹងគ្រូតាមបណ្ដាសាខាផ្សេងៗឱ្យកាន់តែមានភាពស្និទស្នាលជាងមុន។»
ទាក់ទងនឹងការចែករំលែកបទពិសោធរបៀបបង្រៀនបែបសតវត្សទី២១នេះដែរ លោក ពៅ សុវីនដា ជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិន១៨ផ្សេងទៀត បានលើកយកទំនាក់ទំនងបដិវត្តន៍ឧស្សាហ៍កម្មជាមួយនឹងការសិក្សាមកចែករំលែកដល់គ្រូបង្រៀននៅ Aii នេះ។
លោកលើកឡើងថា ពិតមែនតែប្រធានបទនេះមិនមានទាក់ទងនឹងវិធីសាស្រ្តបង្រៀន តែមានទាក់ទងនឹងបច្ចេកវិទ្យាក្នុងការរៀនរបស់សិស្សនិស្សិត ដែលកំពុងសិក្សាភាសាបរទេសនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឱ្យដើរទាន់វិស័យអប់រំនៅលើពិភពលោក។
ដើម្បីសិស្សដើរទាន់សាកលលោកប្រកបដោយប្រសិទ្ធភាព លោកលើកឡើងទៀតថា «ទស្សនវិស័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងថ្នាក់រៀន ដើម្បីជំនួយដល់ការបង្រៀន និងការរៀននៅក្នុងថ្នាក់កាន់តែមានប្រសិទ្ធភាព។ កាលណាយើងកាន់តែបញ្ចូលបច្ចេកវិទ្យានៅក្នុងថ្នាក់ មានការចេះដឹងយល់ច្រើនពីប្រព័ន្ធបច្ចេកវិទ្យា ពេលហ្នឹងហើយគាត់នឹងក្លាយជាម្ចាស់បច្ចេកវិទ្យា»។
សន្និសីទប្រចាំឆ្នាំ រៀបចំដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានគ្រូជនជាតិខ្មែរ និងបរទេស ដែលមានវិជ្ជាជីវៈបង្រៀនចម្រុះវប្បធម៌ប្រមាណជាង២០០នាក់ រួមទាំងវាគ្មិនជំនាញចំនួន១៨រូបចូលរួមដោយលើកវិធីសាស្រ្ដផ្សេងៗមកធ្វើការចែករំលែកដល់គ្រូបង្រៀន៕