លោក ស៊ីម វណ្ណនី ប្រធានគ្រូប្រចាំនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក បានប្រាប់អ្នកសារព័ត៌មានយើងថា សិស្សានុសិស្សទាំង៣ នាក់នេះពិតជាស័ក្តិសមទទួលបានជ័យលាភីនេះ ដោយសារពួកគេមាន ភាពក្លាហាន និងមានសមត្ថភាពបញ្ចេញសំឡេងភាសាអង់គ្លេសបានត្រឹមត្រូវទៅតាមសំឡេងស្ដង់ដារភាសាអង់គ្លេស។
លោកបានឱ្យដឹងថា ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ. គួច លើកទី៩ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងជំនាញការបញ្ចេញសំឡេងភាសាអង់គ្លេស របស់សិស្សានុសិស្សមកពីគ្រប់សាខាទាំងអស់នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងរាជធានីភ្នំពេញ។
លោក ស៊ីម វណ្ណនី ប្រាប់អ្នកសារព័ត៌មានយ៉ាងដូចន្នេះ៖ «ការប្រកួតនេះបានផ្តល់ឱកាសដល់សិស្សានុសិស្សដើម្បីបង្ហាញពីសមត្ថភាពភាសាអង់គ្លេសរបស់ពួកគេ និងជួយឱ្យពួកគេទទួលបានទំនុកចិត្តលើសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេស។ លើសពីនេះ ការប្រឡងនេះមានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សឱ្យពង្រឹងជំនាញការបញ្ចេញសំឡេងរបស់ពួកគេ តាមរយៈការអនុវត្ត និងទទួលមតិយោបល់ពីគណកម្មការ។ សរុបមក ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ. គួច លើកទី៩ បានជួយលើកកម្ពស់វប្បធម៌នៃការរៀនភាសា និងការរីកចម្រើនរបស់សិស្សានុសិស្សក្នុងទាំងក្នុងសាលា និងក្នុងសហគមន៍។»
សូមជម្រាបជូនថា បេក្ខជនទាំង ៣រូប សម្រាប់កម្មវិធីផ្នែកកុមារ (Kid Program) មានឈ្មោះ គុយ ចក្រាវុធ ទទួលបានមេដាយមាស ពានរង្វាន់ និងអាហារូបករណ៍១០០%, យុវសិស្ស កង យូត្រាបញ្ញាបុត្រ ទទួលបានមេដាយប្រាក់ និងអាហារូបករណ៍៧៥% និងយុវសិស្ស សញ្ញា ធីចាន់រមនា មេដាយមាសសំរឹទ្ធមួយ និងអាហារូបករណ៍៥០%។ ខណៈកម្មវិធីផ្នែកមនុស្សពេញវ័យ (Adult Program) ទាំង៣រូប បានទៅលើយុវសិស្សឈ្មោះ ប៉ែន រិទ្ធីពង្ស មេដាយមាស ពានរង្វាន់ និងអាហារូបករណ៍១០០% និងយុវសិស្ស ឱ ណាដាម៉ូរីតុន ទទួលបានមេដាយប្រាក់ និងអាហារូបករណ៍៧៥% និងយុវតី ឆុត ជាតា មេដាយមាសសំរឹទ្ធមួយ និងអាហារូបករណ៍៥០%៕