គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំងកម្រិតបឋម កាលពីថ្ងៃទី១៤ កក្កដា កន្លងទៅ បានដឹកនាំសិស្សថ្នាក់ទី៦ប្រមាណជាង៣០០នាក់ ចុះទស្សនកិច្ចសិក្សានៅប្រាសាទទន្លេបាទី និងសួនសត្វភ្នំតាម៉ៅ។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ ក្រៅពីចង់ឱ្យសិស្សតូចៗទាំងនោះបានសិក្សាពីប្រវត្តិសាស្រ្ត ស្គាល់ប្រភេទសត្វព្រៃ ប្រភេទរុក្ខជាតិ អ្វីដែលពិសេសសាលាចង់ឱ្យពួកគេចូលរួមធ្វើសកម្មភាពផ្សេងៗដែលផ្តល់ប្រយោជន៍ដល់សង្គម ដែលជាការបង្ហាញពីវប្បធម៌ចែករំលែក និងការស្រឡាញ់បរិស្ថានធម្មជាតិ ព្រមទាំងសត្វព្រៃ។
មុននឹងទៅដល់សួនសត្វភ្នំតាម៉ៅសិស្សានុសិស្សទាំងនោះ បានចុះចែកអំណោយដល់សិស្សនៅសាលាបឋមសិក្សាទន្លេបាទីប្រមាណ៧០០នាក់ ចូលរួមដាំកូនឈើនៅភ្នំតាម៉ៅ និងនាំគ្នារើសសំរាមជាដើម ។
លោកស្រី ចាប ស្រីឃួន ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យសិក្សា និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សិស្សថ្នាក់ទី៦ឆ្នាំនេះ គឺប្លែកពីឆ្នាំមុនៗ ដោយឆ្នាំនេះសាលាបានជ្រើសរើសយកទីតាំងសួនសត្វភ្នំតាម៉ៅជាកន្លែងឱ្យសិស្សចុះទស្សនកិច្ចសិក្សា ដើម្បីឱ្យពួកគេបានចូលរួមធ្វើសកម្មភាពសង្គមផ្សេងៗ។
លោកស្រីមានប្រសាសន៍ថា ការណ៍ដែលសាលាដឹកនាំពួកគេឱ្យចូលរួមធ្វើសកម្មភាពបែបនេះ ដើម្បីឱ្យពួកគាត់ចេះចែករំលែកដល់អ្នកដែលខ្វះខាតជាងខ្លួននៅតំបន់ជនបទ និងចង់ឱ្យពួកគាត់ចេះស្រឡាញ់រាប់អានគ្នា មិនថាសិស្សនៅទីជនបទ ឬទីក្រុងនោះទេ។ មួយវិញទៀត សិស្សមួយចំនួនមិនដឹងពីរបៀបដាំដើមឈើនោះទេ តែក្នុងដំណើរទស្សនកិច្ចនេះពួកគាត់បានសាកល្បងដាំដើមឈើរួមគ្នា ដែលសកម្មភាពនេះគឺបណ្តុះឱ្យពួកគាត់ស្រឡាញ់ព្រៃឈើ ធម្មជាតិផងដែរ។
លោកស្រីបន្តថា មិនតែប៉ុណ្ណោះពួកគេក៏បានរៀនសូត្រពីទិដ្ឋភាពខាងក្រៅ និងស្គាល់នូវប្រភេទសត្វព្រៃផ្សេងៗជាក់ស្តែង ដែលកន្លងមកពួកគេធ្លាប់តែរៀននៅក្នុងសៀវភៅ។
លោកស្រីបន្ថែមថា «ដោយកូនក្មេងមួយចំនួនគាត់រៀន គាត់អត់បានផ្សារភ្ជាប់នឹងជីវភាពរស់នៅរាល់ថ្ងៃទេ មានន័យថាគាត់បានតែស្គាល់ឬដឹង ហើយប្រភេទដើមឈើមួយចំនួន គាត់អត់បានស្គាល់ពិតប្រាកដទេ អ៊ីចឹងយើងនាំមកទីនេះ គឺដើម្បីឱ្យគាត់ស្គាល់ដើមឈើមួយចំនួន ក្រៅពីដើមឈើហើយឱ្យគាត់ស្គាល់សត្វជារូបភាពជាក់ស្តែងមិនមែនតាមការបញ្ចាំងស្លាយ ឬតាមទូរទស្សន៍ វីដេអូ ឱ្យបានស្គាល់សត្វហ្នឹងវាមានលក្ខណៈយ៉ាងមិច?»
កុមារី ហោ កន្និថា ជាសិស្សថ្នាក់ទី៦នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា នាងសប្បាយចិត្តដែលនាងបានធ្វើសកម្មភាពផ្សេងៗជាមួយមិត្តភក្តិ ដើម្បីជួយដល់សង្គម។ កន្និថា បន្តថា នេះជាលើកជាទី១ ដែលបានមកទស្សនាដោយផ្ទាល់នូវប្រភេទសត្វព្រៃនានា នៅក្នុងសួនសត្វភ្នំតាម៉ៅ ព្រមទាំងបានឃើញសត្វព្រៃនានា ដែលមិនឃើញផ្ទាល់ពីមុន។ បន្ទាប់ពីឃើញដោយផ្ទាល់នូវសត្វព្រៃទាំងនេះ កាន់តែធ្វើឱ្យនាងស្រឡាញ់ និងចង់ថែរក្សាពួកវា។
កន្និថាបន្តថា«ខ្ញុំត្រូវតែជួយថែរក្សាសត្វព្រៃឈើទាំងអស់នៅក្នុងប្រទេសយើង ពីព្រោះថាបើមនុស្សមិនមែនជាអ្នកថែរក្សា អត់មានអ្នកណាថែក្រៅពីយើងទៀតទេ»។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សិស្សថ្នាក់ទី៦នេះ គឺជាដំណើរទស្សនកិច្ចលើទី១២៣ហើយ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំងបានដឹកនាំសិស្សគ្រប់កម្រិតរបស់ខ្លួនចុះទស្សនកិច្ចនៅតាមតំបន់ផ្សេង ក្នុងប្រទេសកម្ពុជា ដើម្បីឈ្វេងយល់បញ្ហានានា ក៏ដូចជាប្រវត្តិសាស្រ្ត ដែលរាល់ដំណើរទស្សនកិច្ចទាំងអស់បានផ្សារភ្ជាប់នឹងសកម្មជួយសង្គមជានិច្ច៕