វប្បធម៌-សិល្បៈ Nov 21, 2025 | 08:19 AM

តិចច្រឡំ AI ! កាបូបកូនខ្មែរច្នៃពីក្បាច់«បាយ័ន» ផ្ទុះការចាប់អារម្មណ៍ខ្លាំង

image

អ្នកច្នៃម៉ូតវ័យក្មេងលោក Sayon Rathanak បានបង្ហាញការបូបដែលជាស្នាដៃរបស់ខ្លួន ព្យាយាមសម្រិតសម្រាំងធ្វើវា ដោយបានដកស្រង់ចេញពីស្ថាបត្យកម្មប្រាសាទ «បាយ័ន» កំពុងតែធ្វើឱ្យមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

ថ្មីៗនេះ លោក Sayon Rathanak ដែលត្រូវបានគេស្គាល់ថា លោកគឺជាអ្នកច្នៃម៉ូតវ័យក្មេងមួយរូប បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុកផេករបស់ខ្លួន ដោយក្នុងនោះលោកបានបញ្ចាក់ថា សម្រាប់កាបូបនេះ លោកបានរចនាវាឡើង ដោយដកស្រង់ចេញពីប្រាសាទ «បាយ័ន» ដែលជាសំណង់ស្ថាប័ត្យកម្មដ៏អស្ចារ្យ ប្រកបដោយក្បូរក្បាច់រចនាល្អវិសេស ទាក់ទងនិងពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា ។ 

អ្នកច្នៃម៉ូតរូបនេះបានបន្ថែមទៀតថា សម្រាប់ការរចនាកាបូបនេះឡើងគឺ ជាការរចនាបែបបុរាណសម័យ ទាក់ទងនឹងវប្បធម៌ អរិយធម៌ បូករួមជាមួយគំនិតច្នៃប្រឌិត ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅកាន់ពិភពលោក តាមបែបទំនើប ក្រោមពាក្យស្លោក «បុរាណមិនយឺត សម័យមិនបរទេស»។ 

តាមពិតទៅលោក រតនៈ ដែលជាអ្នកច្នៃម៉ូតកាបូបមួយនេះឡើង ក្នុងគោលបំណងប្រគល់ជូនតារាចម្រៀង អ្នកនាង ទេព បូព្រឹក្ស តែម្នាក់ប៉ុណ្ណោះ ដែលលោកគឺជា អ្នកស្រលាញនិងគាំទ្រតារាចម្រៀងរូបនេះ។ បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស បានទទួលកាបូបដ៏អស្ចារ្យមួយនេះ អ្នកនាងបាន Live វីដេអូ ដើម្បីបង្ហាញពីការពេញចិត្តខ្លាំង និងសរសើរចេញពិចិត្តក្នុងការច្នៃម៉ូតបែបនេះឡើង ។ ក្នុងនោះ តារាចម្រៀង ក៏បានបញ្ជាក់ថា ពីដំបូងនាងស្មានថា កាបូបមួយនេះគឺជាកាបូប AI តែពេលដែលនាងបានកាន់កាបូបនេះហើយ ទើបធ្វើឱ្យនាងសឹងតែស្រក់ទឹកផ្នែក វាពិតជាអស្ចារ្យខ្លាំងណាស់។ ម្ចាស់បទ «ទេវរាជ»បានលើកឡើងទៀតថា សម្រាប់កាបូបនេះគឺមានតែមួយគត់តែប៉ុណ្ណោះ ហើយនាងនឹងយួរកាបូបដ៏អស្ចារ្យមួយនេះ ទៅក្រៅប្រទេសនៅពេលដែលនាងបានចេញទៅក្រៅ ហើយនឹងរក្សាវា ទុកតកូនតចៅទៀតផង ៕