បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសិស្ស មាតាបិតា និងភាគីពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍លើកដំបូង នាឆ្នាំ២០២៥ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសការត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ ទិវាគ្រួសារ Aii លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ១៧ ខែមករា ឆ្នាំ២០២៦ នៅសួនកម្សាន្ត Sunshine Family Park (ក្បែរផ្សារEden Garden Mall)។ ការអបអរសាទរឆ្នាំនេះនឹងកាន់តែពិសេស ជាមួយនឹងកម្មវិធី “Talent for a Cause 2026” ដែលជាវេទិកាបង្ហាញសមត្ថភាពរបស់សិស្សានុសិស្ស ក្នុងរូបភាពច្នៃប្រឌិតថ្មី និងចូលរួមចំណែកជួយដល់កិច្ចការងារសង្គម។
ឥឡូវនេះទិវាគ្រួសារ Aii លើកទី២ នឹងត្រលប់មកនាថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៦ នេះជាមួយវេទិកាកាន់តែធំទូលាយដល់តារាចម្រៀង តន្ត្រីករ និងក្រុមតន្ត្រីរបស់សិស្សានុសិស្ស មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដើម្បីចែងចាំង ក្នុងនាមជាយុវសិល្បករ។ អ្វីដែលកាន់តែពិសេសនោះ ថវិកាដែលទទួលបានពីទិវាគ្រួសារឆ្នាំនេះ នឹងត្រូវប្រើប្រាស់ដើម្បី ជួយដល់កុមារដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីធានាថាភាពរីករាយរបស់សហគមន៍យើង អាចក្លាយជាជំនួយដ៏ពិតប្រាកដ ដល់អ្នកដែលកំពុងត្រូវការបំផុត។
ចក្ខុវិស័យសម្រាប់សហគមន៍ និងការអប់រំ៖
គំនិតផ្ដួចផ្ដើមដូច្នេះ និងគំនិតផ្ដួចផ្ដើមជាច្រើនផ្សេងទៀត កើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការសប្បុរសធម៌ និងសកម្មភាពសង្គម ឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ(Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។ ក្រៅពីការរៀបចំព្រឹត្តិការណ៍ អ្នកឧកញ៉ា ក៏នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពកម្រិតពិភពលោក ដើម្បីជួយឱ្យសិស្សានុសិស្សកម្ពុជា ទទួលបានចំណេះដឹង និងទំនួលខុសត្រូវខ្ពស់ ក្នុងការក្លាយជាពលរដ្ឋសកល (Global Citizen)។
មិនត្រឹមតែប៉ុណ្ណោះទេ ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម (CSR) ក្នុងវិស័យអប់រំ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏កំពុងផ្តល់ជូននូវអាហារូបករណ៍រហូតដល់ ៧៥% ដែលមានសុពលភាពសម្រាប់រយៈពេលពេញមួយវគ្គសិក្សា សម្រាប់ សិស្សវិទ្យាល័យរដ្ឋ និងនិស្សិតសាកលវិទ្យាល័យផងដែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំពាក់បំប៉នសិស្សានុសិស្សនូវជំនាញភាសាអង់គ្លេស និងភាសាចិន ដែលជាគ្រឹះដ៏សំខាន់សម្រាប់ជោគជ័យក្នុងការសិក្សានៅកម្រិតឧត្តមសិក្សា និងអាជីពការងារនាពេលអនាគត។
ដើម្បីមានភាពងាយស្រួល អ្នកចូលរួមអាចទិញសំបុត្រតាមរយៈ កម្មវិធី MJQE App។ ដោយគ្រាន់តែបើកកម្មវិធី (App) ជ្រើសរើស Aii Language Center ហើយចុចលើ Aii Family Day នៅលើទំព័រដើមដើម្បីបញ្ចប់ការទិញរបស់បងប្អូន។
មជ្ឈមណ្ឌលភាសា Aii សូមអញ្ជើញក្រុមគ្រួសារ សិស្សានុសិស្ស និងសមាជិកសហគមន៍ទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍អបអរសាទរដ៏មានអត្ថន័យ និងគួរឱ្យរំភើបនេះ។ ជាមួយនឹងការកម្សាន្ត កិច្ចការសប្បុរសធម៌ និងស្មារតីសហគមន៍ជាចំណុចស្នូល ទិវាគ្រួសារ Aii ឆ្នាំ២០២៦ សន្យាថា នឹងក្លាយជាព្រឹត្តិការណ៍គ្រួសារ និងសហគមន៍ដែលបងប្អូនចូលចិត្ត និងមិនអាចបំភ្លេចបានសម្រាប់ដើមឆ្នាំ២០២៦នេះផងដែរ ៕







