វប្បធម៌-សិល្បៈ Nov 25, 2025 | 10:27 AM

អបអរសាទរខួបលើកទី២០ ល្ខោនស្បែកធំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

image

ថ្ងៃនេះគឺជាខួបលើកទី២០ នៃល្ខោនស្បែកធំដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយគិតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៥ គឺពេលដែលអង្គការយូណេស្កូ( UNESCO) បានចុះបញ្ជី«ល្ខោនស្បែកធំ»របស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។

ល្ខោនស្បែកធំគឺជាទម្រង់សិល្បៈបុរាណមួយរបស់ខ្មែរដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ។ លក្ខណៈរបស់ល្ខោនស្បែកធំនេះគឺជាការសម្តែងស្រមោលអាយ៉ង ដែលប្រើតួល្ខោនឆ្លាក់ពីស្បែកសត្វធំៗ (គោ ឬក្របី) សម្រាប់តំណាងតួអង្គ។ សម្រាប់តួល្ខោនត្រូវបានបញ្ចាំងលើផ្ទាំងក្រណាត់ធំមួយ ដោយមានពន្លឺពីក្រោយ ដោយដំណើររឿងភាគច្រើនត្រូវបានដកស្រង់ចេញពីរឿងរាមកេរ្តិ៍។

ការចុះបញ្ជីរបស់ UNESCO ដោយមានការទទួលស្គាល់ជាសកល មានន័យថា ល្ខោនស្បែកធំត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិថា ជាកំណប់ទ្រព្យវប្បធម៌ដ៏មានតម្លៃ ដែលចាំបាច់ត្រូវថែរក្សា និងផ្សព្វផ្សាយ។ ក្នុងការចុះបញ្ជីបេតិកភណ្ឌនេះជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា និងលើកស្ទួយសិល្បៈនេះ ព្រមទាំងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីបន្តបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ហើយមួយទៀតវាក៏ជួយជំរុញមោទកភាពជាតិរបស់ប្រជាជនកម្ពុជា ចំពោះឬសគល់វប្បធម៌របស់ខ្លួន។ 

ការប្រារព្ធខួប ២០ ឆ្នាំនេះ គឺជាការរំលឹកពីការងារដែលបានសម្រេចក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដើម្បីធានាថា សិល្បៈល្ខោនស្បែកធំនៅតែបន្តរស់រានមានជីវិត និងរីកចម្រើន៕