កម្មវិធីប្រកួតសំណេរអង្គរ គឺជាវេទិកាអប់រំ និងវប្បធម៌ដ៏សំខាន់មួយនៅកម្ពុជា ហើយក៏ជាកម្មវិធីដែលធ្វើឱ្យកូនខ្មែរ មានការចាប់អារម្មណ៍ខ្លាំងផងដែរ។កម្មវិធីប្រកួតសំណេរអង្គរ មិនត្រឹមតែជាការប្រកួតប្រជែងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រាលជ្រៅក្នុងការដុសខាត់ស្មារតីយុវជន។ នេះជាលើកទី៣ហើយដែលកម្មវិធី សំណេរអង្គរ បានធ្វើឡើង ហើយក៏សម្រេចចិត្តកំណត់យកចំនួនបេកខជនត្រឹម ១៨៦០ អង្គ/នាក់ សម្រាប់ការប្រកួត ដែលនេះគឺជាចំនួនដ៏ច្រើនជាងឆ្នាំកន្លងទៅ នេះបើយោងតាម សារព័ត៌មានThmeyThmey។
អ្នករៀបចំកម្មវិធីសំណេរអង្គរ លោក លីម ប៊ុនហុក បានឱ្យដឹងថា មូលហេតុដែលជ្រើសរើសចំនួននេះគឺ ទី១ដោយសារកត្តាទីតាំង ទី២ គឺស្របទៅនឹងឆ្នាំដែលអ្នកប្រាជ្ញជនជាតិបារាំងមួយរូបមកដល់ទឹកដីអង្គរ និងបានសសរសេររឿងរ៉ាវលម្អិតពីតំបន់អង្គរជាច្រើន ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានដឹងពីទឹកដីដ៏អឆ្ឆរិយមួយនេះ។
សូមជម្រាបថា កម្មវិធីសំណេរអង្គរ ត្រូវបានរៀបចំ២លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២៤មក។ នៅឆ្នាំទី១នោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតីឡើងអានអត្ថបទ សម្រាប់បេក្ខជនជាង៧០០នាក់ សរសេរតាមអាន។ សម្រាប់វគ្គសំណេរអង្គរលើកទី២ ឆ្នាំ២០២៥ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទ ឱ្យបេក្ខជនសរសេរតាមអាន ១ ២២០អង្គ/នាក់។
គួរជម្រាបជូនផងដែរថា គោលបំណងនៃកម្មវិធីសំណេរអង្គរនេះ គឺដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរ ដោយជំរុញឱ្យសិស្សានុសិស្ស និងយុវជនងាកមកចាប់អារម្មណ៍លើការសរសេរអត្ថបទឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ វេយ្យាករណ៍ និងឃ្លាឃ្លោងខ្មែរដ៏សមសួន។ បណ្តុះបណ្តាលការគិតបែបវិភាគ រំលឹកគុណតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ និងស្វែងរកធនធានអ្នកនិពន្ធវ័យក្មេង។
កម្មវិធីសំណេរអង្គរលើកទី៣នេះ នឹងរៀបចំឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នាពេលខាងមុខ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត៕