បច្ចុប្បន្ននេះការប្រើប្រាស់ឡានសាលារៀនឯកជនហាក់កំពុងតែពេញនិយម និងទាន់សម័យខ្លាំងសម្រាប់សិស្សានុសិស្ស។ សេវាកម្មនេះមិនមែនត្រឹមតែទាន់សម័យដូចប្រទេសរីកចម្រើនមួយចំនួនទេ តែថែមទាំងមានប្រយោជន៍ច្រើន ដែលអ្នកអាណាព្យាបាលគួរតែឱ្យកូនៗប្រើប្រាស់សេវាកម្មនេះល្អជាងដោយមធ្យោបាយខ្លួនឯង។ ជាងនេះ ការប្រើសេវាកម្មដឹកជញ្ជូនរបស់សាលា ក្រៅពីចំណេញពេលវេលារបស់ឪពុកម្តាយហើយនោះ ក៏អាចធានាបាននូវសុវត្តិភាពរបស់កូនលោកអ្នកផងដែរ។
ថ្លែងប្រាប់ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ លោក ហុង ឡងឌី ប្រធានផ្នែកដឹកជញ្ជូនសិស្ស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងពីលក្ខណៈពិសេស៨ចំណុច ដែលឪពុកម្ដាយគួរតែជ្រើសរើសសេវាកម្មដឹកជញ្ជូនរបស់សាលា ប្រសើរជាងការដែលឱ្យពួកគេធ្វើដំណើរមករៀនដោយខ្លួនឯង ឬចាំជូនគាត់ទៅវិញទៅមក។
ទី១ កាត់បន្ថយភាពរវល់ និងមមាញឹករបស់អ្នកអាណាព្យាបាល៖ បច្ចុប្បន្ននេះ ឪពុកម្តាយ ឬអ្នកអាណាព្យាបាលស្ទើរគ្រប់គ្នារវល់នឹងកិច្ចការប្រចាំថ្ងៃរៀងៗខ្លួន ហើយបើត្រូវជូនកូនមករៀនរាល់ថ្ងៃទៀតនោះ កាន់តែរវល់ថែមមួយកម្រិតទៀត។ ជំនួសនឹងការត្រូវជូនកូនទៅរៀនត្រឡប់ទៅមក សម្រាប់អ្នកអាណាព្យាបាលភាគច្រើន ដែលរវល់នឹងកិច្ចការងារគ្មានពេលជូនកូនមកសាលារៀន គួរតែជ្រើសសេវាដឹកជញ្ជូនរបស់សាលា។ នេះជាឱកាសពិសេសសម្រាប់លោកអ្នក គ្មានការព្រួយបារម្ភអំពីរឿងនេះទៀតហើយ។
ទី២ សន្សំសំចៃពេលវេលានិងងាយស្រួលធ្វើដំណើរ៖ នៅពេលលោកអ្នកឱ្យកូនជិះឡានសាលា លោកអ្នកចំណេញពេលច្រើនសម្រាប់ខ្លួនធ្វើកិច្ចការអ្វីផ្សេងៗបានជាច្រើនទៀត។ រីឯកូនៗលោកអ្នកក៏មានសុត្ថិភាព ហើយអាចទៅរៀនបានទៀងពេលវេលាទៀតផង។
ទី៣ មិនបារម្ភអំពីសុវត្ថិភាពរបស់កូនៗ៖ នាពេលបច្ចុប្បន្ននេះ មានកត្តាជាច្រើន ធ្វើឱ្យអ្នកអាណាព្យាបាលព្រួយបារម្ភពីសុវត្តិភាពរបស់កូនៗ ពេលពួកគេធ្វើដំណើរមករៀនដោយខ្លួនឯង។ កត្តាព្រួយបារម្ភទាំងនោះមាន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរ បទឧក្រិដ្ឋ ឬករណីចោរឆក់ប្លន់។ អ្វីកាន់តែពិសេសនោះកូនៗ មិនអាចគេចសាលាបានទេ «ទៅរៀន គឺទៅរៀន» មិនអាចគេចវេសដូចដែលប្រើប្រាស់មធ្យមបាយដោយផ្ទាល់ខ្លួនឡើយ។
ទី៤ មានផាកសុកភាព ហើយមិនប្រឈមនឹងកត្តាអាកាសធាតុក្តៅ ឬភ្លៀង៖ នេះជាបញ្ហាមួយដែលអ្នកអាណាព្យាបាលមិនគួរមើលរំលងផងដែរ។ រថយន្តរបស់សាលាស្ដង់ដារមានបំពាក់គ្រឿងបច្ចេកទេសគ្រប់គ្រាន់មានម៉ាស៊ីនត្រជាក់ រក្សាអនាម័យសុខុមាលភាពដល់សិស្ស។ ហើយទោះអាកាសធាតុប្រែប្រួល ក្តៅខ្លាំង ឬភ្ញៀងក៏មិនបារម្ភដែរ។
ទី៥ បង្រៀនឱ្យសិស្សានុសិស្សមានទំនួលខុសត្រូវ គោរពពេលវេលាបានល្អ៖ ដូចនៅប្រទេសដែលមានការអប់រំរីកចម្រើនមួយចំនួន គេបង្រៀនកូនៗឱ្យមានទំនួលខុសត្រូវ គោរពពេលវេលាបានល្អ តាមរយៈការជិះរថយន្តសាលា។ អ្នកបើកបររថយន្តសាលាទាំងអស់ មានកាលវិភាគច្បាស់លាស់ថា ម៉ោងប៉ុន្មានត្រូវទៅដឹកជញ្ជូនសិស្សនៅតាមគេហដ្ឋានរបស់ពួកគេ ដើម្បីយកមករៀនឱ្យទាន់ពេលវេលា។ ហេតុនេះសិស្សម្នាក់ៗ ក៏ត្រូវតែគោរពពេលវេលានៃការទៅទទួលរបស់អ្នកបើកបរដែរ។
ទី៦ មានការយកចិត្តទុកដាក់ សហការណ៍ល្អរវាងបុគ្គលិកបើកបរ និងអ្នកអាណាព្យាបាល៖ លោកអ្នកដែលជាអ្នកអាណាព្យាបាលសិស្សនឹងមិនព្រួយបារម្ភឡើយពីការបាត់កូន ព្រោះលោកអ្នកនឹងទទួលបានព័ត៌មានភ្លាមៗ តាមរយៈទំនាក់ទំនងរបស់អ្នកបើកបរទៅអ្នកអាណាព្យាបាលពេលបាត់សិស្សមិនឃើញមកជិះឡាន។
ទី៧ តម្លៃក៏សមរម្យជាងការធ្វើដំណើរខ្លួនឯង ឬប្រើប្រាស់ Pass App ជាដើម៖ បើធៀបនឹងតម្លៃធ្វើដំណើរដោយខ្លួន ឬជួល Pass App ម៉ូតូឌុប ឬកង់បីជាដើមនោះ តម្លៃក៏មិនលើសខ្វះគ្នាច្រើននោះដែរ។
ទី៨ មានការធានារ៉ាប់រងគ្រប់រថយន្ត៖ ជាទូទៅស្ទើរគ្រប់រថយន្តសាលាទាំងអស់ ជាពិសេសរថយន្តដឹកសិស្សរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការធានារ៉ាប់រងគ្រប់រថយន្តទាំងអស់។ នេះក៏ជាលក្ខណៈពិសេស ដែលលោកអ្នកគួរតែចាប់អារម្មណ៍ពីការធានាសុវត្ថិភាពសម្រាប់កូនលោកអ្នកក្នុងការធ្វើដំណើរដែរ។
ហេតុផលទាំង៨ចំណុច ខាងលើនេះ គ្រប់គ្រាន់ដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាលគួរពិចារណាឱ្យកូនប្រើប្រាស់សេវាដឹកជញ្ជូនរបស់សាលា ព្រោះមិនត្រឹមតែកាត់បន្ថយភាពមមាញឹករបស់លោកអ្នកនោះទេ តែព្រមទាំងធានាសុវត្តិភាពរបស់កូនៗលោកអ្នកទៀតផង៕