អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉ងលី ត្រូវបានគេស្គាល់ថា ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាអ្នកឧកញ៉ាចិត្តធម៌មួយរូបចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍។
បើតាមមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច បានឱ្យដឹងថា មជ្ឈមណ្ឌលផ្តល់នូវវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយដល់បុគ្គលិកដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ។ នាយកមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច វេជ្ជបណ្ឌិត និន សុខរង្សី បានប្រាប់សារព័ត៌មានយើងថា មជ្ឈមណ្ឌលមានអ្នកជំនាញសម្រាប់ផ្ដល់សេវាប្រឹក្សា និងពន្យល់ដល់បុគ្គលិកអំពីការទទួលបានការចាក់វ៉ាក់សាំង។
លោកបានបន្តថា ការចាក់វ៉ាក់សាំង ឬថ្នាំបង្ការផ្តាសាយធំនេះ គឺមានអត្ថប្រយោជន៍ដែលអាចជួយការពារនៃការវិវដ្ដនៃមេរោគដែលធ្ងន់ធ្ងរដែលអាចស្លាប់ ឬមិនអាចព្យាបាលបាន។ ចំពោះអ្នកដែលមិនគួរទទួលបានការចាក់វ៉ាក់សាំងនេះមានដូចជា អ្នកប្រតិកម្មជាមួយស៊ុត ឬអ្នកដែលធ្លាប់មានប្រតិកម្មកាលពីចាក់វ៉ាក់សាំងផ្ដាសាយកាលពីលើកមុន និងអ្នកកំពុងមានជំងឺគ្រុនក្តៅ។
«អ្នកដែលទើបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយមកទទួលការចាក់វ៉ាក់សាំងគ្រុនផ្តាសាយ គឺមិនមានប៉ះពាល់អ្វីនោះឡើយ បើទោះជាចាក់កៀកថ្ងៃគ្នាក៏ដោយក៏អត់បញ្ហាដែរ លើកលែងតែថ្ងៃដែលត្រូវមកចាក់វ៉ាក់សាំងផ្តាសាយធំនេះ មានប្រិកម្មជាមួយស៊ុត មានជំងឺគ្រុនក្តៅ ធ្លាប់មានប្រតិកម្មកាលពីចាក់វ៉ាក់សាំងលើកមុន គឺមិនអាចចាក់វ៉ាក់សាំងផ្តាសាយធំបានទេ»។
នាយកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ដដែលសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មនុស្សនៅទូទាំងពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះ ជំងឺគ្រុនផ្តាសាយធំ ក៏ជាជំងឺសាហាវមួយដែលបានសម្លាប់មនុស្សជាច្រើននាក់ និងជារៀងរាល់ឆ្នាំផងដែរ។ លោកបន្តថា វ៉ាក់សាំងផ្តាសាយធំ មានប្រសិទ្ធភាព អាចជួយបង្ការគ្រោះថ្នាក់ដល់អាយុជីវិតបាន និងតម្រូវឱ្យចាក់ជារៀងរាល់ឆ្នាំផងដែរ។
ពាក់ព័ន្ធបញ្ហានេះ វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានពន្យល់ដូច្នេះថា ជំងឺគ្រុនផ្ដាសាយមានពីរប្រភេទ គឺផ្តាសាយធម្មតា (Cold) និងផ្ដាសាយធំ (Flu)។ ចំពោះផ្ដាសាយធម្មតា មានរោគសញ្ញាដូចជា កណ្ដាស់ ហៀរសម្បោរ តែអត់ក្ដៅខ្លួន អត់ឈឺក្បាល អត់ឈឺប្រាណ ដែលវាអាចបណ្ដាលមកពីអាឡាក់ហ្ស៊ីដោយធូលីដី ឬលម្អងផ្កា។ រីឯផ្ដាសាយធំ តែងមានអាការៈដូចជា ក្ដៅខ្លួន រងាស្រៀវស្រាញ ឈឺក្បាល អស់កម្លាំង ក្អកមានស្លេស្ម៍ ឈឺបំពង់ក ជាដើម។
ក្រៅពីផ្ដល់ការចាក់វ៉ាក់សាំង ឬថ្នាំបង្ការផ្ដាសាយនេះ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ក៏មានការផ្ដល់ប្រឹក្សា និងការចាក់វ៉ាក់សាំងការពាររោគផ្សេងៗដល់កុមារមកពីគ្រប់ទិសទីផងដែរ។ ក្នុងនោះមានដូចជា វ៉ាក់សាំងការពារអុតស្វាយ ការពារថ្លើមប្រភេទបេ ការពារកញ្ច្រឹល ការពារស្រឡទែន ការពារស្អូច ការពារតេតាណូស ខាន់ស្លាក់ ក្អកមាន់ និងវ៉ាក់សាំងការពារមេរោគមហារីកមាត់ស្បូន ជាដើម។
សូមជម្រាបថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ មានបុគ្គលិកប្រមាណជាង១៤០០នាក់ ដែលនឹងទទួលបានបានវ៉ាក់សាំង ឬថ្នាំបង្ការផ្ដាសាយធំ។
មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់នូវសេវាថែទាំសុខភាពដែលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់ ភាពងាយស្រួល តម្លៃសមរម្យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលធ្វើឱ្យលោកអ្នកទទួលបាននូវការថែរក្សាសុខភាពប្រកបដោយសុខុមាលភាព ភាពកក់ក្តៅ និងមានទំនុកចិត្តពេលបុត្រាបុត្រីលោកអ្នកកំពុងសិក្សាលោកអ្នក អាចជឿទុកចិត្តលើការថែទាំសុខភាពបឋមសម្រាប់អ្នក។ នេះបេីតាមការបញ្ជាក់របស់ នាយកវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលសុខភាពសិស្សិ ម៉េងលី ជេ.គួច ។
មជ្ឈមណ្ឌល សុខភាពសិស្សម៉េងលី ជេ.គួច មានបុត្រសម្ពន្ធជាមួយនឹងមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលកំពុងទទួលបានការគាំទ្រ និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ក្រោមការដឹកនាំដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៕