សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង តំណាងប្រទេសកម្ពុជា ចំនួន៥រូប ដណ្ដើមមេដាយមាស ៥គ្រឿង និង២រូបទៀត ដណ្ដើមមេដាយប្រាក់ ២គ្រឿង ពីការប្រកួត Global Natural History Day 2018 នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។
បើតាមលោក ប៉ាំង លាងស៊ីម ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា លទ្ធផលដ៏ធំធេងនេះ ជាសញ្ញាល្អមួយសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងរបស់កម្ពុជា។ លោកបន្តថា សម័យមុនៗ ធ្លាប់តែឃើញប្រទេសដ៏ទៃទទួលបានមេដាយមាស តែសព្វថ្ងៃនេះ ប្រទេសកម្ពុជាយើង ក៏អាចធ្វើបានដែរ។
ចាងហ្វាងរងរូបនេះបញ្ជាក់ថា មេដាយមាស និងមេដាយប្រាក់ ដែលសិស្សានុសិស្សប្រឹងប្រែងយ៉ាងស្វិតស្វាញដណ្ដើមបាននេះ មិនមែនតំណាងឱ្យត្រឹមតែសាលារៀន អន្តរទ្វីប អាមេរិកាំង ប៉ុណ្ណោះទេ តែតំណាងឱ្យប្រជាជនខ្មែរទាំងមូលផងដែរ។
លោកបន្ថែមថា យុវជនខ្មែរទូទាំងប្រទេសត្រូវដឹងថា អ្វីដែលបរទេសអាចធ្វើបាន កូនខ្មែរក៏អាចធ្វើ់បាន ហើយល្អជាងបរទេសទៅទៀត ប្រសិនបើកូនខ្មែរតាំងចិត្ត តស៊ូ អំណត់ និងការព្យាយាម។ ព្រោះការព្យាយាម គឺជាអាវុធដ៏មុតមាំបំផុត សម្រាប់ជម្នះរាល់ឧបសគ្គ។
ការប្រកួត Global Natural History Day 2018 រៀបចំដោយ Behring Global Education Foundation នៅប្រទេសចិន ផ្តោតសំខាន់ទៅលើគម្រោងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងប្រវត្តិសាស្រ្តធម្មជាតិ ការតាំង បង្ហាញស្នាដៃវិទ្យាសាស្រ្ត និងការធ្វើបទបង្ហាញជា ភាសាអង់គ្លេស។ នេះបើតាមគណកម្មការទិវាប្រវត្តិសាស្ត្រ ធម្មជាតិសាកល ប្រចាំកម្ពុជា។
បេក្ខជន ដែលជាសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានមេដាយមាសនេះ រួមមាន ទី១ យុវតី ស៊ុនលី សិក្ខា សិស្សថ្នាក់ទី១០ ទី២ យុវតី ចៅ លីហ័រ ថ្នាក់ទី១១ ទី៣ យុវសិស្ស ភ លីហេង ថ្នាក់ទី១០ ទី៤ យុវតី គ្រុយ ប៊ុនភាព ថ្នាក់ទី១១ និងទី៥ យុវតី អ៊ិន រតនៈស័ក្តវីនណា ថ្នាក់ទី១១។
ចំពោះបេក្ខជន ដែលទទួលបានមេដាយប្រាក់ រួមមាន ទី១ យុវតី ហួ សុជានាដ ថ្នាក់ទី៨ និងទី២ យុវតី ហេង ចន្ទកណិកា ថ្នាក់ទី៨។
សូមជម្រាបថា សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងទទួលបានមេដាយមាស សំរឹទ្ធ និងមេដាយប្រាក់ ក្នុងការប្រកួតចំណេះដឹងទូទៅផ្សេងៗ ទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ នៅលើពិភពលោក៕