ក្នុងជំនួបពិភាក្សា ជាមួយនឹងសហគ្រិនវ័យក្មេង កាលពីពេលកន្លងមក លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្របតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា បើយើងមើលជាទូទៅ គេស្គាល់ថា លុយ គឺជាវត្ថុដ៏មានតម្លៃវិសេសមួយដែលអាចជួយលើកតម្លៃ កេរ្តិ៍ឈ្មោះ កិត្តិយស និងអាចជួយដោះស្រាយបញ្ហាមនុស្សបានស្ទើរតែគ្រប់ករណីក៏ដោយ ប៉ុន្តែមិនប្រាកដថាលុយអាចជួយដោះស្រាយបញ្ហាមនុស្សបានគ្រប់កាលៈទេសៈឡើយ។
លោកឧកញ៉ា បញ្ជាក់ថា នៅពេលជួបបញ្ហាប្រឈមមួយចំនួន មានពេលខ្លះលុយ គឺមិនអាចជួយអ្វីយើងបានទាល់តែសោះ ផ្ទុយទៅវិញមានតែសេចក្តីសង្ឃឹម ភាពមោះមុត និងការជឿជាក់លើខ្លួនឯងប៉ុណ្ណោះ ដែលអាចជួយតម្រែតម្រង់ផ្លូវឱ្យយើងបានទៅដល់កន្លែងដែលយើងចង់ទៅ។ អាចនិយាយបានថា លុយគឺជាអាវុធមុខពីរ។ ហេតុអ្វី? ព្រោះថា លុយអាចជួយឱ្យមានមនុស្សមានមុខមាត់ មានតម្លៃ កេរ្តិ៍ឈ្មោះ កិត្តិយស តែជួនកាលលុយក៏អាចធ្វើឱ្យមនុស្សធ្លាក់តម្លៃ កេរ្តិ៍ឈ្មោះអាស្រូវ ធ្វើឱ្យមនុស្សមានវិវាទនឹងគ្នា និងធ្វើឱ្យមនុស្សអសីលធម៌ក្នុងការរស់នៅក៏មាន។
លោកឧកញ៉ា បញ្ជាក់ទៀតថា បុគ្គលចំនួនមានទ្រព្យសម្បត្តិហូរហៀរ រស់ក្នុងផ្ទះវីឡាធំស្កឹមស្កៃ មានរថយន្តទំនើបៗជិះ មានឋានៈបុណ្យសក្តិខ្ពង់ខ្ពស់នៅក្នុងសង្គម តែបែរជាគ្មានសុខសុភមង្គលក្នុងគ្រួសារទៅវិញ។ បុគ្គលមួយចំនួនទៀតមានទ្រព្យសម្បត្តិហូរហៀរដែរ ហើយមិនត្រឹមតែគ្មានសុខសុភមង្គលក្នុងគ្រួសារនោះទេ តែថែមទាំងត្រូវមនុស្សក្នុងសង្គមស្អប់ខ្ពើម មិនឱ្យតម្លៃ និងមិនចង់រាប់រកទៀតផង។ ដោយឡែកបុគ្គលមួយចំនួនទៀតមានប្រាក់កាសទ្រព្យសម្បត្តិហៀរហូរ មានមុខមាត់ កេរ្តិ៍ឈ្មោះ កិត្តិយស និងមានមហាជនជាច្រើនគោរពរាប់អាន តែនៅពេលជួបបញ្ហាម្ដងៗក៏នៅតែមិនអាចយកលុយ និងទ្រព្យសម្បត្តិរបស់ខ្លួនមកជួយសដោះស្រាយបាន។ ការណ៍នេះបញ្ជាក់ កាន់តែច្បាស់ថា លុយមិនមែនសុទ្ធតែធ្វើឱ្យមនុស្សមានតម្លៃ កេរ្តិ៍ឈ្មោះ កិត្តិយស មានមនុស្សគោរពរាប់អាននោះទេ ហើយយើងមិនអាចយកលុយកាសមកជួយដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈដែរ៕