ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Sep 13, 2018 | 00:00 AM

​មជ្ឈមណ្ឌល​ភាសា Aii របស់​ឧកញ៉ា គួច ម៉េ​ង​លី ពីរ​ទៀត​​ត្រៀម​បើកទ្វារ​ឱ្យ​សិស្ស​រៀន ឆាប់ៗ​នេះ​

image

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ របស់​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េ​ង​លី ដ៏​ថ្មីសន្លាង​ពីរ​ទៀត នៅ​សាខា​ផ្សារថ្មី និង​សាខា​ចោមចៅ​កំពុង​ត្រៀម​បើកទ្វារ​ទទួល​សិស្ស​ចូលរៀន នៅ​កំលុង​ខែមករា ឆ្នាំ២០១៩ ខាង​មុខនេះ។ វត្តមាន​សាខា​ថ្មី​ទាំងពីរ​នេះ លេចឡើង​ជារូបរាង​បន្ទាប់ពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​បរទេស​មួយ​នេះ ទទួល​បាន​ជោគជ័យ​ខ្លាំង នៅក្នុង​វិស័យ​អប់រំ​រហូត​ខ្វះ​កន្លែង​ឱ្យ​សិស្ស​រៀន ទើប​មជ្ឈ​មណ្ឌល​​ភាសា Aii ព្យាយាម​ពង្រីក​សាខា​របស់​ខ្លួន ដើម្បី​ស្រប​ទៅ​នឹង​សំណូមពរ​ពី​អ្នកណា​ព្យាបាល​សិស្ស។

​ក្នុង​បទ​សម្ភាស ជាមួយ គេហទំព័រ ឌិ អ៊ី​ន​ធ័រ​ខន រ៉ូស្ទ័រ លោក ឡាយ សុភា (Sophea M​. Lay) ប្រធាន​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ (Aii Language Center) ឱ្យ​ដឹង​ថា ដោយសារ​វិសាលភាព សាលា រៀន​ពោរពេញ​ដោយ​ថាមពល មាន​ភាព​រីកចម្រើន និង​វិវឌ្ឍ​ឥត​ឈប់ឈរ​នូវ​កំណើន​សិស្ស​ចេះតែ​កើនឡើង​ជាលំដាប់​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ដោយ​ទទួល​បាន​ទំនុកចិត្ត​ពី​សិស្សានុសិស្ស អ្នក អាណាព្យាបាល និង​មាតាបិតា​សិស្ស ជាហេតុ​ជំរុញ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ឱ្យ​បន្ថែម​សាខា​តាម​សំណូមពរ​របស់​សាធារណជន។

​លោក សុភា បន្ត​ថា «បើ​តាម​គម្រោង​ចក្ខុវិស័យ​ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន យើង​មាន​គម្រោង​​ពង្រីក​សាខា​ចំនួន​ប្រាំបួន​ទៀត ក្នុង​រយៈ​ពេល​៧​ឆ្នាំ​ខាង​មុខ តែ​បច្ចុប្បន្ន​យើង​មាន​ទីតាំង៤សាខា​រួច​ហើយ គឺ​ផ្សារថ្មី ចោមចៅ សែនសុខ និង​ទួលសង្កែ។ ចំពោះ​សាខា​ផ្សារថ្មី និង​សាខា​ចោមចៅ នឹង​ចាប់​ផ្ដើម​ទទួល​ចុះឈ្មោះ​សិស្ស​ចូលរៀន នៅ​ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។ ចំណែក​សាខា​ពីរ​ទៀត ដែល​មាន​​ទីតាំងនៅ​សែនសុខ និង​ទួលសង្កែ គឺ​កំពុងតែ​ញាប់ដៃញាប់ជើង​សាងសង់»។

​គិត​មកដល់​បច្ចុប្បន្ន​នេះ លោក ឡាយ សុភា បញ្ជាក់​ថា បរិមាណ​សិស្សានុសិស្ស​ដែល​កំពុង​ទទួល​សេវាកម្ម​អប់រំ នៅ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ទាំង​៣​សាខា​​មាន​ចំនួន​ជាង៦០០០នាក់ ហើយ​តួលេខ​នេះ​នឹង​កើនឡើង​បន្ថែម​ទៀត នៅពេល​សាខា​ថ្មី​បើក​វគ្គសិក្សា​ទទួល​សិស្ស នា​ពេល​ខាងមុខ។

​បើ​តាម​លោក ឡាយ សុភា ដដែល មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ គឺជា​សាលា​ដែល​មានគុណ​ភាព​អប់រំ​ប្រហាក់​ប្រហែល​នឹង​សាលា​នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន​ដែរ ដូចជា​បន្ទប់​សិក្សា​មាន​បំពាក់​ដោយ​គ្រឿង​សម្ភារ​ត្រឹមត្រូវ​តាម​ស្តង់ដារ​សាលា​អាមេរិក មាន​ឯកសារ​សម្បូរ​បែប លោកគ្រូ អ្នកគ្រូ មិន​ត្រឹមតែ​មាន​សញ្ជាតិ​ជា​អ្នកប្រើ​ប្រាស់​ភាសាអង់គ្លេស និង​ចិន​ពី​កំណើត​នោះ​ទេ តែ​ពួកគាត់​ក៏​មាន​គរុ​កោសល្យ​ផ្នែក​អប់រំ​ត្រឹមត្រូវ និង​បច្ចេកទេស​បង្រៀន​ល្អ​សមស្រប​ទៅតាម​លក្ខខណ្ឌ​ពហុ​វប្បធម៌​ទៀត​ផង។ នេះ​ជា​មូលហេតុ​មួយ​ដែល​បាន​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកអាណាព្យាបាល​សិស្ស។

​លោក​បានឱ្យ​ដឹង​ទៀត​ថា ភាព​លេចធ្លោ​នៅក្នុង​ការសិក្សា​របស់​សិស្សានុសិស្ស នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ទទួល​បាន​គុណភាព​អប់រំ​ពិតប្រាកដ តាមរយៈ​បង្ហាត់បង្រៀន​ស្រប​ទៅតាម​កម្មវិធី​អប់រំ​ដ៏​ទំនើប​​របស់​សាលា ដែល​មាន​កិច្ចសហការ​រួមគ្នា រាប់ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​សិក្សា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ជាពិសេស​គឺ​ការ​គាំទ្រ​ពី​អ្នកអាណាព្យាបាល​ទៀតផង។

​ទាក់ទង​នឹង​កម្មវិធី​សិក្សា​វិញ មហាជន​ទូទៅ​អាច​នឹង​បាន​ជ្រាប​ខ្លះៗ​ហើយ​ថា ជា​រៀងរាល់​ឆ្នាំ មជ្ឈ​មណ្ឌល​​មាន​ក្លឹប​សិក្សា​បន្ថែម​សម្រាប់​សិស្សានុសិស្ស​ចូលរួម​ការប្រកួត​ប្រជែង​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា នៅក្នុង​តំបន់ និង​នៅ​លើឆាកអន្តរជាតិ ដើម្បី​ពង្រឹងគុណភាព​សិក្សា​របស់​ខ្លួន។ ទាំងនេះ​ជា​កម្មវិធី​ពិសេស​​សម្រាប់​អ្នកទទួល​សេវា​អប់រំ​ពី​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសាបរទេស​នេះ។

​ក្រៅពី​បណ្ដុះបណ្ដាល​ភាសាអង់គ្លេស និង​ភាសា​ចិន ប្រកបដោយ​គុណភាព​ខ្ពស់ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ បាន​ផ្តល់​ឱកាស​ឱ្យ​សិស្ស​យល់ដឹង​ពី​សណ្ដាប់ធ្នាប់​នៃ​ការរស់នៅ​ក្នុង​សង្គម​ផង​ដែរ។ ក្នុង​នោះ​សិស្ស​បាន​បង្ហាញ​ពី​ភាព​សកម្មភាព​រស់រវើក​នៅក្នុង​កិច្ចការ​សង្គម​ជាច្រើន​ដូចជា ការ​ធ្វើសកម្មភាព​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជន​ចាស់ជរា ជនអនាថា និង​សម្ដា​រៈ​សិក្សា​ដល់​កុមារ​កំព្រា​ជាដើម។

​ដោយ​សម្លឹងឃើញ​ពី​គុណភាព វិន័យ និង​សេវាកម្ម នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ មាន​ភាពល្អ​ប្រសើរ និង​ខុសប្លែក​ពីសា​លា​រៀន​ដទៃ មាន​មាតាបិតា​សិស្ស​នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​បាន​បញ្ជូន​កូនៗ​របស់​គាត់​ឱ្យទៅ​សិក្សា​នៅ​ស្ថាប័ន​បណ្ដុះបណ្ដាល​ភាសា​ចិន និង​ភាសាអង់គ្លេស​មួយ​នេះ។

​តំណាង​ថ្នាក់​គ្រប់គ្រង លោក ឡាយ សុភាព ប្រធាន​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ទៅដល់​មាតាបិតា អ្នក​អាណា​ព្យាបាល និង​សិស្សានុសិស្ស​ទាំងអស់ ដែល​តែង​តែ​គាំទ្រ និង​ផ្តល់​ទំនុកចិត្ត​លើ​គុណភាព​អប់រំ​របស់ មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ដែល​នេះ​ គឺជា​ការ​ចូល​រួម​​ចំណែក​កសាង​អ​នាគ​ត​កូនៗ​របស់​លោកអ្នក។

​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ពិតជាមាន​សេចក្តី​សោមនស្ស​រីករាយ​រង់ចាំ​ស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​មក​ចុះឈ្មោះ​ចូលរៀន​របស់​មាតាបិតា អ្នក​អាណា​ព្យា​បាល និង​ប្អូនៗ​សិស្សានុសិស្ស សម្រាប់​សាខា​ថ្មី​ទាំងពីរ​របស់​យើង​ចាប់ពី​ខែមករា ឆ្នាំ២០១៩ នា​ពេល​ខាងមុខនេះ​តទៅ៕